យោងតាមប្រភពពីគេហទំព័រ CNN បានឲ្យដឹងថា ប្រាសាទអង្គរវត្តកម្ពុជា បានជាប់ក្នុងបញ្ជីឈ្មោះជា សម្បត្តិបេតិកភណ្ឌពិភពលោកដ៏ស្រស់ស្អាតបំផុតទាំង២០ប្រចាំឆ្នាំ២០១៣នេះ។ ការបញ្ចេញបញ្ជីឈ្មោះនេះ បានធ្វើឡើងដោយផ្អែកលើរបាយការណ៍ស្ទាបស្ទង់ និងវាយតម្លៃដោយគេហទំព័រ VeryFirstTo។
ដោយបានចំណាយថវិកាប្រមាណជា១,៥លានដុល្លារសម្រាប់ធ្វើការស្ទាបស្ទង់និងវាយតម្លៃលើសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន៩៦២ នៅទីកន្លែងផ្សេងគ្នាតាមរយៈភ្នាក់ងាររបស់ខ្លួន គេហទំព័រមួយនេះបានបញ្ជាក់ថា មានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន២០បានជាប់ឈ្មោះជាសម្បត្តិបេតិកភណ្ឌដ៏ស្រស់ស្អាតបំផុតនេះ។ ជាមោទនភាពសម្រាប់កម្ពុជាទាំងមូល ប្រាសាទអង្គរវត្តស្ថិតមានឈ្មោះក្នុងចំណោមតំបន់បេតិកភណ្ឌទាំង២០។
បញ្ជីឈ្មោះសម្បត្តិបេតិកភណ្ឌពិភពលោកទាំង២០ ខាងលើត្រូវបានធ្វើការវាយតម្លៃដោយផ្អែកទៅលើលក្ខខណ្ឌល្អទាំងប្រព័ន្ធអេកូឡូស៊ី និងទីតាំងភូមិសាស្ត្រ ស្ថាបត្យកម្មស្របតាមបទដ្ឋានសម័យទំនើប និងមានតម្លៃជាប្រវត្តិសាស្ត្រដល់មនុស្សជាតិទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនអាចធ្វើចំណាត់ថ្នាក់សម្បត្តិបេតិកភណ្ឌដ៏ស្រស់ស្អាតទាំង២០ នេះតាមលំដាប់លេខរៀងនោះឡើយ ពោលគឺសម្បត្តិបេតិកភណ្ឌទាំងនេះមានភាពលេចធ្លោជាងគេ និងមានលក្ខណៈពិសេសរៀងៗខ្លួន ដែលមានប្រជាប្រិយភាពបំផុតសម្រាប់ដំណើរកម្សាន្តពីសំណាក់អ្នកទេសចរនៅជុំវិញពិភពលោក។
នេះមិនមែនលើកទី១នោះឡើយ ដែលគេហទំព័រខាងលើបានធ្វើការវាយតម្លៃលើសម្បត្តិបេតិកភណ្ឌជាច្រើននៅជុំវិញពិភពលោកដាក់ក្នុងបញ្ជីឈ្មោះសម្បត្តិបេតិកភណ្ឌដ៏ស្រស់ស្អាតបំផុតទាំង២០នេះ។ កាលពីឆ្នាំ២០១២កន្លងទៅខ្លួនក៏បានធ្វើការស្ទាបស្ទង់និងវាយតម្លៃដូចគ្នានេះ ហើយក្នុងនោះប្រាសាទអង្គរវត្តកម្ពុជាក៏បានជាប់ឈ្មោះក្នុងបញ្ជីនេះផងដែរ៕
ខាងក្រោមនេះ Sabay សូមលើកយកបញ្ជីឈ្មោះសម្បត្តិបេតិកភណ្ឌពិភពលោកទាំង៦ ក្នុងចំណោមបញ្ជីឈ្មោះសម្បត្តិបេតិកភណ្ឌពិភពលោកស្អាតបំផុតទាំង២០ ប្រចាំឆ្នាំ២០១៣៖
ប្រាសាទអង្គរវត្ត
ប្រាសាទ Acropolis ប្រទេសក្រិក
ប្រាសាទ Bagan ប្រទេសមីយ៉ាន់ម៉ា
កោះ Galápagos ប្រទេសអេក្វាឌ័រ
ប្រាសាទ Machu Picchu ប្រទេសប៉េរូ
ឧទ្យានជាតិ Yellowstone សហរដ្ឋអាមេរិក
ប្រភពពីៈhttp://news.sabay.com.kh
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment