Fulham បានចុះកិច្ចសន្យានាំយកលោក Alan Curbishley និងខ្សែបម្រើជម្រើសជាតិអាមេរិក Clint Dempsey មកជួយស្រោចស្រង់ក្រុមដែលកំពុងប្រឈមនឹងការកាត់ទម្លាក់ពីក្របខ័ណ្ឌ Barclays Premier League។
អតីតអ្នកចាត់ការក្រុម Charlton និង West Ham គឺលោក Curbishley ដែលបានសម្រាកពីអាជីពដឹកនាំក្រុមតាំងពីឆ្នាំ២០០៨ មកនោះត្រូវ Fulham តែងតាំងជានាយកបច្ចេកទេសរបស់ក្រុមដើម្បីចាប់ដៃគ្នាធ្វើការនៅឈុតធំរបស់ក្លិបជាមួយគ្រូបង្គោល Rene Meulensteen ស្របពេល Dempsey ដែលបច្ចុប្បន្នជាកីឡាកររបស់ក្រុម Seattle Sounders យល់ព្រមចុះកិច្ចសន្យាលក្ខណៈខ្ចីជើងរយៈពេល២ខែក្នុងអំឡុងពេលលីកកំពូលអាមេរិកកំពុងសម្រាក។
អតីតគ្រូបង្គោលឈុតធំរបស់ក្រុមបិសាចក្រហម លោក Meulensteen ដែលទើបចូលស្នងតំណែងលោក Martin Jol នៅ Craven Cottage កាលពីដើមខែធ្នូឆ្នាំ២០១៣នេះ និយាយនៅក្រោយពិធីចុះហត្ថលេខាថា៖ “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែល Alan ចូលរួមជាមួយពួកយើងព្រោះខ្ញុំដឹងថាជំនាញរបស់គាត់មានតម្លៃយ៉ាងធំធេងសម្រាប់ក្រុម។ ក្រោយការចាកចេញរបស់ Martin Jol ខ្ញុំបានពិភាក្សាគ្នាជាមួយនាយកប្រតិបត្តិ Alistair Mackintosh និងប្រធានក្លិបអំពីបញ្ហាប្រឈមដែលយើងកំពុងជួបប្រទះ ហើយខ្ញុំពិតជារីករាយមែនទែនដែលពួកគាត់គាំទ្រគំនិតរបស់ខ្ញុំក្នុងការបន្ថែមបុគ្គលិកបង្វឹក”។
ទន្ទឹមនឹងនេះដែរ Dempsey វ័យ៣០ឆ្នាំដែលយល់ព្រមវិលត្រលប់មកជួយក្រុមចាស់ដែលខ្លួនធ្លាប់លេងឱ្យពីឆ្នាំ២០០៧ដល់២០១២ និយាយថាលោករំភើបចិត្តពេលបានត្រលប់មកវិញសាជាថ្មីបែបនេះនិងមានអារម្មណ៍ប្រៀបដូចកំពុងនៅផ្ទះខ្លួនឯងនៅក្នុងទ្វីបអឺរ៉ុបអីចឹង។
ឆ្លងកាត់១៧ប្រកួតកន្លងមក Fulham ឈរលេខរៀងទី១៩ក្នុងតារាងលីកកំពូលអង់គ្លេសដោយរកបានតែ១៣ពិន្ទុស្មើ Crystal Palace ដែរ និងចាញ់ក្រុមលេខ១៧ West Ham United ចំនួន១ពិន្ទុ៕
ប្រភពពីៈhttp://news.sabay.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment