Monday, December 23, 2013

ប្រភពពីៈhttp://news.sabay.com.kh រមណីយដ្ឋាន​ភ្នំ​ប្រសិទ្ធិ៍​ កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន​ ដែល​ត្រូវ​នឹង​ថ្ងៃ​កាន់​បិណ្ឌ​ទី៣ បាន​ស្រូប​ភ្ញៀវ​ទេសចរ​ ​រាប់រយ​រាប់ពាន់​នាក់ ខណៈ​ប្រជាជន​បាន​​ទៅ​ទស្សនា​ផង និង​ធ្វើបុណ្យ​ដាក់​បិណ្ឌ​ផង។ ភ្នំ​ប្រសិទ្ធិ៍​ និង​ភ្នំរាប មាន​ចម្ងាយ ​​២៤ គ.ម ពី​​ភ្នំពេញ​ ​បើ​គិត​ពី​តាខ្មៅ​ គឺ ៣៥គ.ម។
ភ្នំ​ប្រសិទ្ធិ៍​ស្ថិត​នៅ​មួយ​ចំណែក​ក្នុង​ឃុំ​ម្កាក់ ស្រុក​អង្គ​ស្នួល និង​មួយ​ចំណែក​ទៀត​ក្នុង​ឃុំ​ឈ្វាំង​ ស្រុកពញាឭ​ ខេត្ត​កណ្ដាល។ ផ្លូវ​ដែល​គេ​និយម​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​ភ្នំ​ប្រសិទ្ធិ៍ និង​ភ្នំរាប​នេះ គឺ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ តែ​ដល់​ចំណុច​ផ្សារ​ព្រែក​ព្នៅ​ គ.ម លេខ១១ មាន​ផ្លូវ​បំបែក​ចូល​ខាង​ឆ្វេង​ដៃ ចម្ងាយ​ ១៣ គ.ម។ តើ​ហេតុ​អ្វី​បាន​ជា​ភ្ញៀវ​ទេសចរ​និយម​ចូល​ចិត្ត​ទៅ​លេង​ភ្នំរាប និង​ប្រសិទ្ធិ៍​នេះ? មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដែល​ប្រជាជន​សម្រុក​នាំ​គ្នា​ទៅលេង​រមណីយដ្ឋាន​ភ្នំ​ប្រសិទ្ធិ និង​ភ្នំរាប ដោយ​សារ​រមណីយដ្ឋាន​នេះ​ ជា​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​ផង ប្រវត្តិសាស្រ្ត និង​កែ​ច្នៃផង។ ទន្ទឹម​គ្នា​នេះ​ ស្រប​ពេល​ដែល​ពិធី​កាន់បិណ្ឌ​ដែល​ប្រជាជន​ទៅ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​នៅ​តាម​ទី​វត្តអារ៉ាម​នានា​តាម​បណ្ដោយ​ផ្លូវ​ទៅ​កាន់​តំបន់​ទេសចរណ៍​នេះ ហើយ​ហួស​ទៅ​កាន់​ភ្នំប្រសិទ្ធិ៍​ ឬភ្នំរាប ដែល​នៅ​ភ្នំរាប​មាន​កន្លែង​អង្គុយ​លេង​ផង និង​មាន​អាហារ​ញុំា​ជាច្រើន​នៅ​ក្បែរ​ប្រាសាទ​នោះ។ “ខ្ញុំ​ទៅ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​ទេ តែ​ក៏​ហួស​ទៅ​លេង​នៅ​ទី​នោះ​ទៅ​ ព្រោះ​ថា តំបន់​នេះ​មិន​នៅ​ឆ្ងាយ​ពី​ភ្នំពេញ​ទេ គឺ​យើង​ជិះ​មួយ​វឹង​ដល់​ហើយ”។ នេះ​ជា​ការ​លើក​ឡើង​របស់​យុវតី​ សុនាថ។ សុនាថ​ ស្ថិត​នៅ​ក្នុង​សំលៀក​បំពាក់​អាវប៉ាក់​ស សំពត​ធ្វើ​ពី​សូត្រ​ បាន​និយាយ​ថា “ខ្ញុំ​មក​ទី​នេះ​មាន​គ្នា​បួន​នាក់ គឺសុទ្ធសឹង​តែ​ជា​មិត្តរួម​ថ្នាក់​ទេ ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​ ពេល​សម្រាក​អីចឹង​ខ្ញុំ​ក៏​ណាត់​គ្នា​មក​លេង​ទី​នេះទៅ”។ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ដ​ Lexus អ្នក​ស្រី​ ស៊ីណាត វ័យ​៥៦​ឆ្នាំ រស់​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ទៅ​លេង​រមណីយដ្ឋាន​ភ្នំរាប​ជាមួយ​ក្រុម​គ្រួសារ ​បាន​និយាយ​ថា “​ចេញ​ពី​វត្ត​ក៏​នាំ​គ្នា​មក​ទី​នេះ​ តែ​ម្ដង​ទៅ​ ហើយ​បាន​មើល​ប្រាសាទ​ផង និង​ញុំា​អាហារ​នៅ​​តាម​តូប​ ដូចជា​យើង​ទិញ​មាន់​ ត្រីអាំង និង​សម្លរ​ស្ងោរ​ ដែល​យើង​កុម្ម៉ង់​ម្ចាស់​តូប​គឺ​នឹង​លើក​យក​មក​អោយ​ហើយ។ ​តែ​មាន់​ហាក់​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា​បន្ដិច​ គឺ​មាន់​មួយ​៣ម៉ឺន​រៀល ដែល​ថ្ងៃ​ធម្មតា​អី​មិន​ដល់​នឹង​ទេ តែ​ធ្វើ​ម៉េច​បើ​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ទាន​អីចឹង​ទៅ​ហើយ​ បើ​មិន​ញុំា​មិន​កើត”។
អ្នក​លក់​មាន់​ម្នាក់​ដែល​មិន​មាន​តូប​ទេ ហើយ​កំពុង​ឈរ​ចៀន​មាន់​នៅ​ខាង​ត្បូង​ប្រាសាទ​វិហារសួគ៌​បាន​និយាយ​ថា “ថ្ងៃ​នេះ​ខ្ញុំ​លក់​មាន់​ដាច់​ខុស​ពី​ថ្ងៃ​ធម្មតា ព្រោះ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​ផង និង​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​៣​ទៀត​ ដូច្នេះ​ហើយ​ភ្ញៀវ​មក​លេង​ច្រើន​ គិតត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ ខ្ញុំ​លក់​មាន់​អស់​៣០​ហើយ”។ ​អ្នក​នាង នឹម ដែល​ជា​អ្នក​លក់​មាន់​រូប​នេះ​បន្ត​ថា “ខ្ញុំ​លក់​មាន់​គឺ​មិន​បាន​ថ្លៃ​ដូច​ម្ចាស់​តូប​គេទេ គឺ​ខ្ញុំ​លក់​មួយ​តែ​២ម៉ឺន ឬ២៥០០០​រៀល​ប៉ុណ្ណោះ ព្រោះ​អី​យើង​អត់​មាន​តូប​ឲ្យ​គេ​អង្គុយ​ ដូច្នេះ​អ្នក​ទិញ​គាត់​ត្រូវ​ជួល​តូប​ទៀត ហើយ​អ្នក​មាន​តូប​គេ​អត់​គិត​លុយ​ថ្លៃ​តូប​ទេ តែ​គេ​​គិត​ជាមួយ​ម្ហូប​រួច​ជាស្រេច​ហើយ”។
គួរ​បញ្ជាក់​ដែរ​ថា ភ្នំ​ប្រសិទ្ធិ៍​គឺ​មាន​ភ្នំ​ពីរ​ ដែល​នៅ​ទន្ទឹម​គ្នា​ខ័ណ្ឌ​ដោយ​ជ្រលង​ភ្នំ​នៅ​ខេត្ត​កណ្ដាល និង​ម្ខាង​ទៀត​​នៅ​ខេត្ត​កំពង់​ស្ពឺ។ ក្នុង​ចំណោម​ភ្នំ​ទាំង​ពីរ​នេះ​ ភ្នំ​ខាង​លិច​មិន​សូវ​មាន​ប្រវត្តិ​រឿង​ទេ។ ចំណែក​ភ្នំ​ខាង​កើត​​វិញ​គឺ​មាន​រឿង​​រ៉ាវ​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​​ក្នុង​រឿង​សាសនា​ច្រើន​ ដែល​មាន​រូប​សំណាក​ព្រះ​ចូល​និព្វាន​មួយ​យ៉ាង​ធំ​ និង​រឿងរ៉ាវ​ទាក់ទង​ទៅ​នឹង​ពង្សាវតារ​ប្រវត្តិ​ស្ដេច​ខ្មែរ។ នៅ​ភ្នំ​ប្រសិទ្ធិ៍​នេះ ក៏​មាន​នៅ​សល់​ប្រាសាទ​បុរាណ​មួយ​មុន​សម័យ​អង្គរ​ផងដែរ។
នៅ​ចម្ងាយ​ប្រមាណ​ជា​ ១ គ.ម ពី​ភ្នំ​ប្រសិទ្ធិ៍ មាន​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​ទៀត​មាន​ឈ្មោះ​ថា ភ្នំរាប​ឬប្រាសាទ​វិហារ​សួគ៌ ដែល​កសាង​នៅ​ឆ្នាំ​ ១៩៩៦-១៩៩៨ ធ្វើ​អំពី​ថ្ម និង​ ស៊ីម៉ងតិ៍ ដែល​ផ្ដួច​ផ្ដើម​ដោយ​លោក​រស់ សារិន បាន​ប្រមូល​ថវិកា​ពី​សប្បុរសជន​ក្នុង​ និង​ក្រៅ​ប្រទេស​សម្រាប់​​កសាង​ចំនួន​១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក តាម​រចនាបថ​អង្គរ (គេ​និយម​ហៅ​ថា សំណង់​ អង្គរ​វត្ត​ថ្មី)។ បច្ចុប្បន្ន​​ប្រាសាទ​វិហារ​សួគ៌​ត្រូវ​បាន​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ដ​ជាច្រើន​​ ជាពិសេស​ការ​ថត​រឿង​បុរាណ​ខ្មែរ​៕ ​

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,