ក្នុងចំណោមសមាជិកទាំង ៥នាក់របស់ក្រុមចម្រៀងនារីកូរ៉េខាងត្បូងដ៏ល្បីល្បាញ F(x) គេឃើញមានសមាជិកម្នាក់ចូលចិត្តតែងខ្លួនប្លែកពីគេ គឺនាងតែងតែតែងខ្លួនដូចជាមនុស្សប្រុសគ្រប់ពេលសម្ដែងក្នុងវីដេអូចម្រៀង និងលើឆាកតន្ត្រីតាំងពីបទដំបូងរហូតដល់ពេលបច្ចុប្បន្ន។ សមាជិកដែលតែងខ្លួនដូចប្រុសនោះមានឈ្មោះថា Amber Liu។
តើ Amber Liu ជាអ្នកណា ហើយនាងបានចូលក្នុងក្រុមនេះតាំងពីពេលណា?
Amber Liu ជាជនជាតិចិនតៃវ៉ាន់សញ្ជាតិអាមេរិក ដែលកើតនៅ Los Angeles រដ្ឋ California។ Amber មានអាយុ ២១ឆ្នាំ (កើតថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩២)។ នាងគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង ៥របស់ F(x) រួមមាន Krystal, Sulli, Victoria និង Luna។ នាងត្រូវបានផលិតកម្ម SM Entertainment ចាប់អារម្មណ៍ពេលដែលនាងចូលរួមសាកសំឡេងក្នុងកម្មវិធីជ្រើសរើសតារាចម្រៀងទូទាំងពិភពលោកសម្រាប់ផលិតកម្មនេះ នៅ Los Angeles កាលពីឆ្នាំ ២០០៨។ ក្រោយពីបានឃើញពីសមត្ថភាពពិសេសរបស់នាងផលិតកម្មក៏បាននាំនាងមកកាន់កូរ៉េខាងត្បូង ដើម្បីផ្ដល់ការហ្វឹកហាត់បន្ថែម។ នាងត្រូវបានគេចាប់អារម្មណ៍ដោយសារសមត្ថភាពច្រៀង និងការរ៉េបដ៏ល្អរបស់នាង។ Amber បានប្រឡងជាប់គ្រប់វគ្គ និងបានទទួលការគាំទ្រជាច្រើនពីអ្នកគាំទ្រនៅ Los Angeles, តៃប៉ិ និងកូរ៉េខាងត្បូង។
តើនាងជាមនុស្សស្រីដែលមានចរិតប្រុសមែនទេ?
គ្រប់ពេលឡើងសម្ដែង សមាជិកក្នុងក្រុម F(x) ទាំងអស់តែងស្លៀកសំពត់ ឬរ៉ូប និងពាក់ស្បែកជើងកែង លើកលែងតែ Amber ម្នាក់គត់ដែលចូលចិត្តតែងខ្លួនខុសគេខុសឯង ព្រោះរាល់ពេលគេតែងខ្លួនដូចប្រុសអ៊ីចឹង ដូចជាស្លៀកខោខ្លី ពាក់អាវយឺត និងស្បែកជើងកីឡាជាដើម។ ចំណែកសក់របស់នាងក៏កាត់ខ្លីដែរ។ អ្នកគាំទ្រជាច្រើនឆ្ងល់ថាតើនាងគ្រាន់តែស្លៀកពាក់បែបនេះ ឬនាងជាមនុស្សស្រីចរិតប្រុសមែន។ ការពិតនាងគឺជាមនុស្សស្រីធម្មតាប៉ុណ្ណោះ គ្រាន់តែនាងចូលចិត្តតែងខ្លួនឲ្យប្លែកពីសមាជិកដទៃតែប៉ុណ្ណោះ។
ចុះហេតុអ្វីបានជានាងស្លៀកពាក់បែបនេះ?
ហេតុផលដែលនាងស្លៀកពាក់បែបនេះ គឺដោយសារនាងចង់មើលទៅប្លែកពីគេ និងចង់ប្រាប់អ្នកគាំទ្រទាំងអស់ថាមនុស្សស្រីអាចស្លៀកពាក់អ្វីក៏បានដែរ ឲ្យតែខ្លួនឯងពេញចិត្ត និងមានអារម្មណ៍ថាស្រួល។ នាងបាននិយាយក្នុងការសម្ភាសន៍ជាមួយកាសែត Los Angeles Weekly ថា៖ “គេថាខ្ញុំស្លៀកពាក់មើលតែប្រុស ហើយឲ្យខ្ញុំស្លៀកពាក់ដូចស្រីជាងនេះបន្តិចទៅ។ ខ្ញុំអាចយល់បាន ប៉ុន្តែខ្ញុំគ្រាន់តែចង់ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ហើយក៏ចង់មានពេលវេលារីករាយជាមួយអ្នកគាំទ្រដែលស្រឡាញ់ខ្ញុំជាខ្លួនខ្ញុំប៉ុណ្ណោះ។”
ហេតុផលមួយទៀតដែល Amber ស្លៀកពាក់បែបនេះគឺដោយសារតែនាងបានធំឡើងនៅ Los Angeles ដែលទីនោះនាងធ្លាប់តែស្លៀកខោអាវរលង់ៗ។ នាងបានបញ្ជាក់ថា “ពីតូចដល់ធំខ្ញុំចូលចិត្តលេងកីឡា ដូច្នេះហើយខ្ញុំចាំបាច់បួងសក់ និងស្លៀកពាក់ខោអាវងាយៗ”។ នាងក៏បាននិយាយផងដែរថា នាងមានអារម្មណ៍ថាមានសេរីភាពពេលដែលកាត់សក់ខ្លី “ខ្ញុំបានសម្រេចចិត្តកាត់សក់របស់ខ្ញុំ នៅពេលបញ្ចប់មធ្យមសិក្សា”។ តាមរយៈការតែងខ្លួនបែបនេះ រួមជាមួយក្បាច់រាំដ៏រស់រវើករបស់នាង Amber ពិតជាទទួលបានប្រជាប្រិយភាពយ៉ាងលេចធ្លោក្នុងចំណោមតារា Kpop ទាំងអស់។
ប្រភពពីៈhttp://news.sabay.com.kh
Monday, December 23, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment