កីឡាករ Luis Suarez ក្លាយជាកីឡាករមានប្រាក់ខែច្រើនជាងគេបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល១២១ឆ្នាំរបស់ក្លិបហង្សក្រហម Liverpool គឺ១៧ម៉ឺនផោនក្នុងមួយសប្ដាហ៍ ស្មើនឹង២៨ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីបន្តកិច្ចសន្យាថ្មីនៅ Anfield រហូតដល់ខែមិថុនាឆ្នាំ២០១៨។
ថ្លៃនឿយហត់ប្រចាំសប្ដាហ៍របស់ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរុយហ្គាយវ័យ២៦ឆ្នាំរូបនេះអាចនឹងកើនដល់២០ម៉ឺនផោន (៣២ម៉ឺនដុល្លារអាមេរិក) នាពេលខាងមុខ ដែលចូលក្នុងលំដាប់កីឡាករប្រាក់ខែខ្ពស់នៅ Barclays Premier League ដូចជា Wayne Rooney របស់ក្រុមបិសាចក្រហម Manchester United, Sergio Aguero និង Yaya Toure របស់ក្រុមមេឃខៀវ Manchester City ជាដើម។
អតីតសមាជិកក្លិប Nacional, Groningen និង Ajax ដែលផ្លាស់មកលេងឱ្យក្រុមហង្សក្រហមតាំងពីខែមករាឆ្នាំ២០១១ បញ្ចេញចំណាប់អារម្មណ៍ថា៖ “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានព្រមព្រៀងលើកិច្ចសន្យាថ្មីជាមួយ Liverpool ធ្វើឱ្យអនាគតរបស់ខ្ញុំមានភាពច្បាស់លាស់ក្នុងរយៈពេលវែង។ យើងមានកីឡាករឆ្នើមៗមួយចំនួន ហើយក្រុមកំពុងដើរទៅមុខនិងរីកចម្រើនរាល់វិនាទី។ ខ្ញុំជឿជាក់ថាខ្ញុំមានសមត្ថភាពជួយក្រុមឱ្យឈ្នះពានរង្វាន់បាន។ ពិតណាស់ ការលើកទឹកចិត្តរបស់អ្នកគាំទ្ររួមចំណែកនាំឱ្យខ្ញុំសម្រេចចិត្តបន្តនៅទីនេះ។ ខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាពរាល់ការប្រកួតដើម្បីតបស្នងពួកគេ”។ជាមួយគ្នានេះដែរ លោក Brendan Rodgers អ្នកចាត់ការក្រុមហង្សក្រហមនិយាយថា៖ “នេះជាដំណឹងដ៏រំភើបសម្រាប់គ្រប់គ្នាដែលពាក់ព័ន្ធជាមួយក្លិប ក្រុម ម្ចាស់ក្លិប និងជាពិសេសអ្នកគាំទ្រ។ Luis គឺជាកីឡាករដែលមានទេពកោសល្យលំដាប់ពិភពលោក ខ្ញុំពិតជារីករាយដែលគេបន្តរួមរស់ជាមួយយើង។ អ្វីដែលសំខាន់បំផុតនោះគឺគេទើបមានអាយុ២៦ឆ្នាំប៉ុណ្ណោះ ហើយគេនឹងផ្ដល់ឱ្យយើងនូវទម្រង់លេងកម្រិតកំពូលរបស់គេជាច្រើនឆ្នាំទៀត”។
ជយលាភីកីឡាករឆ្នើមប្រចាំឆ្នាំ២០១៣របស់អ្នកគាំទ្របាល់ទាត់ក្នុងប្រទេសអង់គ្លេសរូបនេះរកគ្រាប់បាល់ឱ្យ Liverpool នៅ Premier League បាន១៧គ្រាប់ហើយក្នុងការចូលលេង១២លើកមកនេះ៕
ប្រភពពីៈhttp://news.sabay.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment