Tuesday, December 24, 2013

ការ​ដែល​មាន​ទំហំ​សុដន់​ខុសៗ​គ្នា វា​ពិតជា​រឿង​មួយ​ធម្មតា​ទេ​។ ករណី​បែប​នេះ​ច្រើនតែ​កើត​មាន​ទៅលើ​ក្មេងស្រី អាច​មាន​ទំហំ​សុដន់ ឬ​ក្បាល​សុដន់​ខុសគ្នា ជាពិសេស​នៅពេល​កំពុង​ពេញវ័យ​។ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​លក្ខណៈ​ខុសៗ​គ្នា​ទាំងអស់ ហើយ​ទោះបីជា​ស្ត្រី​ពីរ​នាក់​ដូច​គ្នា​ក៏​ដោយ ក៏​មាន​សុដន់​ទំហំ​មិន​ដូចគ្នា​នោះ​ដែរ​។ តាមពិត ភាព​មិន​ស្មើគ្នា​បែបនេះ​អាច​កើតមាន​លើ​ដៃ ឬ​ជើង ហើយ​យ៉ាងហោចណាស់​ក៏​មាន​ទំហំ ឬ​រូបរាង​ខុស​គ្នា​បន្តិចបន្តួច​ដែរ​។​ ​នៅ​ពេល​ស្ត្រី​ចាប់ផ្តើម​ពេញវ័យ ជាពិសេស​ក្នុង​វ័យ​ពី ៨ ទៅ​១៣​ឆ្នាំ សុដន់​របស់​ពួកគេ​ចាប់ផ្តើម​លូតលាស់​ដោយមាន​ការ​ហើម​តិចតួច​នៅ​ពីក្រោម​ក្បាល​សុដន់​។ អាច​និយាយថា​ជា​ការឡើង​សុដន់​។ អ្នក​ប្រហែល​ជា​សម្គាល់​ឃើញថា អាច​មាន​សុដន់​ម្ខាង​ចាប់ផ្តើម​រីក​ធំ​មុន​ម្ខាង​ទៀត​។ រយៈពេល​យូរៗ​ទៅ​ភាពខុសគ្នា​នៃ​ទំហំ​សុដន់​បែបនេះ​ក៏​អាច​កើតមាន​លើ​ស្ត្រី​វ័យ ២០​ឆ្នាំ​ដែរ​។ ប៉ុន្តែ​និយាយ​អោយ​ខ្លី​ទៅ​វា​គឺ​ជា​ហេតុ​ការធម្មតា​ទេ​សម្រាប់​សុដន់​ស្ត្រី​មាន​ទំហំ​ខុស​គ្នា​បែបនេះ​នៅ​ពេល​ពួកគេ​ស្ថិត​ក្នុង​សភាព​ពេញវ័យ​ហើយ​។​ ​ស្ត្រី​មួយ​ចំនួន​ដែល​មាន​ទំហំ​សុដន់​ខុសៗ​គ្នា​តែង​បារម្ភ​ថា ពួកគេ​ប្រហែលជា​មាន​ជំងឺ​អ្វី​មិន​ធម្មតា​ហើយ ប៉ុន្តែ​សម្រាប់​ពួកគេ​ជា​យុវវ័យ​បែបនេះ ឱកាស​នៃ​ការ​មាន​ជំងឺ​គឺ​មិន​មាន​នោះ​ទេ​។ ប្រសិនបើ​អ្នក​ពិតជា​បារម្ភ​មែន ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នកឯកទេស​ខាង​រោគ​ស្ត្រី​។ គាត់​គួរតែ​អាច​ធានាបាន​ថា​ទំហំ​សុដន់​របស់​អ្នក​នៅ​ពេល​នេះ​ពិតជា​រឿង​ធម្មតា​ទេ​។​ ​ស្ត្រី​ដែល​សម្គាល់​ឃើញ​ទំហំ​សុដន់​ខុសគ្នា​បែបនេះ មានន័យថា​ពួកគេ​ដឹង​ថា​ខ្លួនឯង​មាន​សុដន់​ដូច​មនុស្ស​ស្រី​ពិតៗ ហើយ​នោះ​ក៏​ជា​ដំណឹង​ល្អ​សម្រាប់​ពួកគេ​ដែរ​។ ការ​ដែល​ដឹង​ថា​ខ្លួនឯង​មាន​សុដន់​អាចជួយ​អោយមាន​សុខភាព​ល្អ​បាន​។ ការសិក្សា​ពី​របៀប​មើល​សុដន់​ខ្លួនឯង​ថា​ធម្មតា អាច​ជួយ​អោយ​អ្នក​សម្គាល់​ឃើញ​មាន​ការប្រែប្រួល​ទាំងឡាយ​ដែល​មិនមែន​ជា​រឿង​ធម្មតា​បាន​។ គ្រូពេទ្យ​អាច​បង្រៀន​អ្នក​ពី​របៀប​ពិនិត្យ​លើ​សុដន់​ដោយ​ខ្លួនឯង​ដើម្បី​ជា​ជំនួយ​បន្ថែម​។​ ​ស្ត្រី​មួយ​ចំនួន​ច្រើន​តែ​បារម្ភ​ទៀតថា ទំហំ​សុដន់​ខុស​គ្នា​បែប​នេះ​ប្រហែល​ជា​ប៉ះពាល់​ដល់​សម្រស់​ពួកគេ​។ ស្ត្រី​ជា​ច្រើន​ដែល​មាន​ស្ថានភាព​បែប​នេះ​គ្រាន់​តែ​ទទួលស្គាល់​ថា​ពួកគេ​មិន​មាន​ជំងឺ ហើយក៏​មិន​អាច​ធ្វើ​អ្វី​ទៀត​បាន​ដែរ​។ ប៉ុន្តែ​អ្នកខ្លះ​ទៀត​បែរជា​មាន​អារម្មណ៍​ថា​ខ្មាស់​ខ្លួនឯង​ទៅ​វិញ​។ ចូរ​គិតថា គ្មាន​នរណា​គេ​ទៅ​សម្គាល់​ពី​សុដន់​របស់​អ្នក​ដែល​កំពុងតែ​មាន​សភាព​ពុំ​ស្មើគ្នា​នោះទេ​។​ ​តាម​ការពិត​គឺ​ថា ការ​ហាត់ប្រាណ ការប្រើ​ថ្នាំ​បំប៉ន ឬ​របប​អាហារ​មិន​អាច​ធ្វើអោយ​ប្រែប្រួល​ទំហំ ឬ​រូបរាង​សុដន់​មនុស្ស​ស្រី​បាន​ឡើយ មានតែ​ការវះកាត់​កែសម្ពស្ស​ប៉ុណ្ណោះ​ទើប​អាចធ្វើ​បាន​។ (​ហើយ​គ្រូពេទ្យ​ភាគច្រើន​បាន​ណែនាំ​ថា ស្ត្រី​ម្នាក់​អាច​វះកាត់​កែ​សុដន់​របស់​នាង​បាន​លុះត្រាតែ​រងចាំ​អោយ​សុដន់​លូតលាស់​ចប់​សិន​)​។ ស្ត្រី​ខ្លះ​បែរ​ជា​សម្រេចចិត្ត​ពាក់​អាវទ្រនាប់ ឬ​ឧបករណ៍​ពិសេសៗ​ដើម្បី​អោយ​ទំហំ​សុដន់​មើលទៅ​ប៉ុនគ្នា​វិញ​។​ ​ចូរ​ចាំ​ថា មនុស្ស​គ្រប់គ្នា​មាន​ការលូតលាស់​ខុសៗ​គ្នា​ទាំងអស់ ហើយ​វា​ក៏​ជា​រឿង​ធម្មតា​ដែរ​សម្រាប់​រាងកាយ​ទាំងសងខាង​មាន​លក្ខណៈ​ខុស​គ្នា​តិចតួច​។ ក្នុងនាម​យើង​ជា​មនុស្ស​លោក​មិន​អាច​មាន​ភាព​សមាមាត្រ​គ្នា​ទៅ​នឹង​រូបរាង​ដែល​ត្រឹមតែ​ក្រឡេកមើល​តែ​មួយ​ភ្លេត​ដំបូង​នោះ​ទេ​៕

 ប្រភពពីៈhttp://health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,