Thursday, December 26, 2013

ឆ្នាំ ២០០២ ពលរដ្ឋ​កម្ពុជា​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​រថយន្ត​ស្នាដៃ​កូន​ខ្មែរ​ដំបូង​បាន​លេច​រូបរាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ អង្គរ ២០០៣ ជា​ឈ្មោះ​ដែល​គេ​ប្រសិទ្ធិនាម​ហៅ​រថយន្ត​ដំបូង​របស់​ខ្មែរ ដែល​បង្កើត​ឡើង​ក្រោម​គំនិត​ច្នៃ​ប្រឌិត​របស់​កូន​ខ្មែរ​មួយ​រូប​គឺ​លោក ញាន ផល្លិក។
ពលរដ្ឋ​កម្ពុជា​មិន​ដែល​នឹក​ស្មាន​ថា កូន​ខ្មែរ​អាច​មាន​សមត្ថភាព​ផលិត​រថយន្ត​បាន​ដោយ​ខ្លួន​ឯង​នោះ ទេ ទោះ​បី​វា​នៅ​មិន​ទាន់​មាន​ភាព​ទំនើប​ដូច​រថយន្ត​នាំ​ចូល​ក៏​ដោយ។ ប៉ុន្តែ​នេះ​អាច​ចាត់​ទុក​ថា​ជា​ការ​បោះជំហាន​មួយ​ដ៏​សំខាន់ សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រោយ​ការ​បញ្ចេញ​រថយន្ត​អង្គរ​ស៊េរី​ដំបូង ២០០៣ រថយន្ត​អង្គរ​ស៊េរី ២០០៤ ក៏​បាន​បង្ហាញ​រូបរាង។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ម៉ូដែល​អង្គរ ២០១០ ដែល​ជា​រថយន្ត​អង្គរ​ជំនាន់​ទី ៣ ត្រូវ​បាន​គេ​អភិវឌ្ឍ​កាន់​តែ​ទំនើប។ ទំនើប​ត្រង់​ថា រថយន្ត​នេះ​មិន​ប្រើ​កូន​សោ​ទេ​គឺ​ប្រើ​កាត​ស៊ក​បញ្ចូល​ដើម្បី​បញ្ឆេះ។ ទ្វា​រថយន្ត​ទៀត​សោត បញ្ជា​ដោយ​ប្រើ​សំឡេង ហើយ​ដំបូល​អាច​លើក​ចុះ​ឡើង​បាន​ដោយ​ស្វ័យប្រវត្តិ។ អ្វី​ដែល​កាន់​ប្លែក​នោះ​ត្រង់​ថា រថយន្ត​អង្គរ​ម៉ូដែល ២០១០ នេះ​អាច​ស្ដាប់​តន្ត្រី​ដោយ​ត​ភ្ជាប់​ជាមួយ​ទូរសព្ទ​ដៃ​យ៉ាង​អស្ចារ្យ​ថែម​ទៀត​ផង។ រហូត​ដល់​ឆ្នាំ ២០១៣ រថយន្ត​អង្គរ​ម៉ូដែល​ថ្មី​មួយ​ទៀត​គឺ «អង្គរ EV ២០១៣» ក៏​ត្រូវ​បើក​សម្ពោធ​និង​បង្ហាញ​រូបរាង​យ៉ាង​ឧឡារិក ក្រោម​ការ​ចូលរួម​សាទរ​ពី​ពលរដ្ឋ​ខ្មែរ​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ។ «អង្គរ EV ២០១៣» ពិសេស​ទាំង​រូបរាង​និង​បច្ចេកវិទ្យា។ អង្គរ EV (Electronic Vihecle) ២០១៣ ជា​ប្រភេទ​រថយន្ត​មិន​ប្រើ​ប្រេង​ឥន្ធនៈ ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី។ រថយន្ត​ដ៏​ទំនើប​ស៊េរី​ថ្មី​នេះ មាន​សមត្ថភាព​មិន​ចាញ់​រថយន្ត​ទំនើប​នាំ​ចូល​ពី​បរទេស​មួយ​ចំនួន​នោះ​ទេ។ កន្លង​ទៅ​លោក ញាន ផល្លឹក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​មាន​គំនិត​ចង់​បង្កើត​រថយន្ត​អង្គរ​នេះ​ឡើង គឺ​ដើម្បី​ទុក​ស្នាដៃ​ទាំង​នេះ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​ដើម្បី​បង្ហាញ​ពិភពលោក​ថា​កូន​ខ្មែរ​មាន​សមត្ថភាព​អាច​ផលិត​រថយន្ត​បាន​ដោយ​ខ្លួន​ឯង តាម​ធនធាន​កម្រ​ដែល​ខ្លួន​មាន​មិន​ឲ្យ​ចាញ់​បរទេស​នោះ​ទេ។ ការណ៍​មាន​រថយន្ត​ផលិត​ក្នុង​ស្រុក​លើក​ដំបូង​នេះ ក៏​អាច​ជួយ​ជំរុញ​និង​បំផុស​ដល់​ការ​អភិវឌ្ឍ​វិស័យ​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ថែម​ទៀត​នា​ពេល​អនាគត។ ជាមួយ​ការ​សម្រេច​បាន​សមិទ្ធផល​ដ៏​គួរ​ឲ្យ​កោត​សរសើរ​នេះ ស្នាដៃ​ផលិត​រថយន្ត​របស់​លោក​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទាំង​កម្រិត​ជាតិ ​និង​អន្តរជាតិ ហើយ​បណ្តាញ​សារព័ត៌មាន​ធំៗ​នៅ​លើ​សាកលលោក​ក៏​បាន​ចាប់​អារម្មណ៍ និង​យក​មក​ចុះ​ផ្សាយ​ព័ត៌មាន​ជា​ហូរហែ។ កាន់​តែ​អស្ចារ្យ​ថែម​ទៀត ថ្មីៗ​នេះ ស្ថាបនិក​រថយន្ត​អង្គរ​លោក ញាន ផល្លឹក​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ដើម​ឆ្នាំ ២០១៤ រថយន្ត​អង្គរ​ម៉ូដែល​ថ្មី​មួយ​ទៀត នឹង​លេច​រូបរាង​ជាមួយ​ការ Update រូបរាង​និង​ការ​បំពាក់​បច្ចេកវិទ្យា​កាន់​តែ​ទំនើប សម្រាប់​បង្ហាញ​ដល់​សាធារណជន។ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,