ក្រុមជម្រើសជាតិវ៉ូវីណាមរបស់កម្ពុជា បានប្រជែងយកមេដាយ ១០ គ្រឿងមកពីស៊ីហ្គេមលើកទី ២៧ ដោយទើបនឹងបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ នៅប្រទេសមីយ៉ាន់ម៉ា បានអះអាងថា ក្រុមខ្លួនជោគជ័យ ៨០% បើធៀបនឹងស៊ីហ្គេមឆ្នាំ២០១១ នៅប្រទេសឥណ្ឌូណេស៊ី។
កីឡាការិនីម្ចាស់មេដាយមាស ២ ជំនាន់ ប៉ាល់ ឆរស្មី បានប្រាប់សារព័ត៌មានក្រោយចុះពីយន្តហោះនៅម៉ោង ១០ : ៣០ នាទីយប់មិញថា៖ “ប្រកួតនៅឆ្នាំនេះពិបាកជាងឆ្នាំមុន ព្រោះមានថែមសមាជិកថ្មី ណាមួយប្រទេសនីមួយៗ គេក៏ត្រៀមខ្លួនបានល្អដែរ។ ពេលឡើងប្រកួតម្ដងៗ ខ្ញុំនៅតែមានអារម្មណ៍ភ័យ”។
ដំណាលគ្នានោះ លោក ទេព ជីវសុខុម គ្រូបង្វឹកក្រុមវ៉ូវីណាមជម្រើសជាតិកម្ពុជាបានលើកឡើងថា៖ “យើងពិបាកជាងកាលនៅឥណ្ឌូណេស៊ីបន្តិច ព្រោះកាលនោះមានគ្នាតិច តែឥឡូវគ្នាច្រើន ណាមួយម្ចាស់ផ្ទះទាមទារខ្លាំងពេក។ ចំពោះលើកនេះយើង ទទួលជោគជ័យបាន ៨០ % ព្រោះអាចរក្សាមេដាយមាស ២ ដដែល ដោយធ្លាក់មេដាយប្រាក់ តែកើនមេដាយសំរឹទ្ធ”។
ងាកទៅមើលស៊ីហ្គេមឆ្នាំ២០១១ កន្លងទៅ កីឡករវ៉ូវីណាមរបស់កម្ពុជាដណ្ដើមបានមេដាយមាស ២ គ្រឿង ប្រាក់ ៧ និង សំរឹទ្ធ ៣ សរុបទាំងអស់ ១២ គ្រឿង។
ចំណែកលោក វ៉ាត់ ចំរើន នាយបេសកម្មដឹកនាំប្រតិភូកីឡាកម្ពុជាទៅប្រកួតស៊ីហ្គេមឆ្នាំ២០១៣ នេះបានបន្ថែមជុំវិញមេដាយដែលកម្ពុជាដណ្ដើមបានថា៖ ” កម្ពុជាឈ្នះចំនួនមេដាយមាស ៨ វិញ្ញាសា ប្រាក់ ១១ វិញ្ញាសា និង សំរឹទ្ធ ២៩ វិញ្ញាសា ស្មើនឹងចំនួនមេដាយមាស ១៤ ប្រាក់ ២៩ និង សំរឹទ្ធ ៩២ គ្រឿង ទាំងអស់ ១៣៥ គ្រឿង។ បើធៀបនឹងឆ្នាំ២០១១ កើនឡើង ៥០% ហើយយើងបានសម្រេចគម្រោងដែលចង់បានមេដាយមាស ១០ គ្រឿង ផងដែរ”។
លោកអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានថ្លែងអរគុណដល់សហព័ន្ធនីមួយៗ និង កីឡាករទាំងអស់ដែលបានប្រកួតអស់ពីសមត្ថភាព រួមទាំងអរគុណដល់ប្រជាជនដែលតាមដានពីលទ្ធផលរបស់កីឡាករកម្ពុជា និង អរគុណដល់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ក៏ដូចជា ក្រុមហ៊ុន ដែលបានជួយលើកទឹកចិត្ត និង ឧបត្ថម្ភដល់កីឡាករកម្ពុជា ហើយជយលាភីទាំងអស់នេះគឺជារបស់ប្រជាជនកម្ពុជា៕
ប្រភពពីៈhttp://news.sabay.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment