Tuesday, December 24, 2013

អ្នកចាត់ការ​ក្រុម​តោ​ខៀវ​ Chelsea លោក​ Jose Mourinho ​កំពុង​រៀប​ចំ​ផែនការ​នៅ​ដឹក​នាំ​ក្រុម​ជើងឯក​លីក​កំពូល​អង់គ្លេស​៤​សម័យ​កាល​នេះ​រយៈ​ពេល​១២​​ឆ្នាំ។ បន្ទាប់​ពី​កាន់​តំណែង​នៅ Stamford Bridge ពី​ឆ្នាំ​២០០៤​ដល់​២០០៧ គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​វ័យ​៥០​ឆ្នាំ​រូប​នេះ​បាន​វិល​មក​ដឹក​នាំ​ Chelsea ​ជា​លើក​ទី​២​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៣​នេះ​ក្រោម​កិច្ចសន្យា​រយៈ​ពេល​៤​ឆ្នាំ ​ក្រោយ​ពេល​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ Inter Milan ​នៅ​អ៊ីតាលី​និង​ដឹក​នាំ​ Real Madrid ​នៅ​អេស្ប៉ាញ។ និយាយ​អំពី​​កិច្ចសន្យា​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ អតីត​អ្នកចាត់ការ​ក្រុម FC Porto ​រូប​នេះ​ត្រូវ​គេ​ស្រង់​សម្ដី​ថា​៖ “និយាយ​ឱ្យ​ចំ​ទៅ ខ្ញុំ​សង្ឃឹម​ថា​នៅ​ទី​បញ្ចប់​នៃ​៤​ឆ្នាំ​នោះ​(កិច្ចសន្យា) ពួក​យើង​អង្គុយ​ជាមួយ​គ្នា​និង​វិភាគ​ពី​ស្ថានភាព​ហើយ​ឈាន​ដល់​ចំណុច​រួម​មួយ​ដែល​ក្លិប​និង​ខ្ញុំ​រីករាយ​នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា​ឬ​សប្បាយ​ចិត្ត​នឹង​ចែក​ផ្លូវ​គ្នា​ដើរ។ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា​ខ្ញុំ​ចង់​ដឹក​នាំ​ក្រុម​រយៈ​ពេល​១២​ឆ្នាំ។ ​ខែ​ក្រោយ​(មករា​២០១៤) វ័យ​របស់​ខ្ញុំ​កើន​ដល់​៥១​ឆ្នាំ​ហើយ ដូច្នេះ​បន្ទាប់​ពី​ដឹក​នាំ​ Chelsea ១២​ឆ្នាំ​រួច ខ្ញុំ​នឹង​ប្ដូរ​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​វិញ​ម្ដង​ដើម្បី​ទៅ​លេង​ World Cup។ ព័រទុយហ្គាល់​ជា​ជម្រើស​ទី​១​របស់​ខ្ញុំ ​ឯ​អង់គ្លេស​ជា​ក្រុម​ជម្រើស​ជាតិ​ទី​២​ដែល​ខ្ញុំ​ចង់​បង្វឹក”។ លោក​បន្ថែម​ថា​ការណ៍​ដែល​លោក​ត្រលប់​មក​ Chelsea ​វិញ​​មិន​មែន​ដោយសារ​លុយ​នោះ​ទេ បើ​លោក​មើល​ឃើញ​លុយ​ជា​ធំ​លោក​នៅ​បន្ត​ដឹក​នាំ​ Real Madrid បាត់​ទៅ​ហើយ​ពី​ព្រោះ​លោក​នៅ​សល់​កិច្ចសន្យា​៣​ឆ្នាំ​ទៀត​នៅ​ទីនោះ​ហើយ​ប្រាក់​ខែ​ក៏​ច្រើន​ជាង​នៅ​ទីនេះ​ដែរ។ លើស​ពី​នេះ ​វា​ក៏​មិន​មែន​ដោយសារ​ការងារ​នៅ​ទីនេះ​ស្រួល ​ឬ​ក៏​ពីព្រោះ​តែ​ក្រុម​មាន​កីឡាករ​ល្អ​គ្រប់គ្រាន់​សម្រាប់​ប្រជែង​ជើងឯក​ដែរ។ តាម​ពិត​ទៅ ​ស្ថានភាព​របស់​ក្រុម​ Chelsea បច្ចុប្បន្ន​​គឺ​អន់​ជាង​គេ​បំផុត​ក្នុង​អាជីព​៦​ឆ្នាំ​ចុង​ក្រោយ​របស់​លោក ​ប៉ុន្តែ​ហេតុផល​ពិត​ប្រាកដ​នៅ​ក្រោយ​ការ​សម្រេច​ចិត្ត​របស់​លោក​គឺ​ពីព្រោះ​លោក​ស្រលាញ់​ក្លិប​តោ​ខៀវ​និង​ស្រលាញ់​គម្រោង​(project)​របស់​ក្លិប។
យ៉ាង​ណា​មិញ លោក Mourinho ​មិន​ធ្លាប់​នៅ​ដឹក​នាំ​ក្រុម​ណា​មួយ​ពេញ​រយៈ​ពេល​៤​រដូវ​កាល​នៅ​ឡើយ​ទេ​ក្នុង​អាជីព​ដឹក​នាំ​ដ៏​ជោគជ័យ​របស់​លោក​ដែល​ឈ្នះ​ជើងឯក​លីក​៧​លើក (Primeira Liga ២​ដង Premier League ២​ដង Serie A ២​ដង និង La Liga ១​ដង)​ ពាន​រង្វាន់​ UEFA Champions League ​២​ដង UEFA Cup ម្ដង និង Cup ​ជា​ច្រើន​​ផ្សេង​ទៀត​។ ​អតីត​ជំនួយការ​របស់​លោក​ Louis van Gaal ​នៅ​ក្លិប​ Barcelona អំឡុង​ឆ្នាំ​១៩៩៦​ដល់​២០០០​រូប​នេះ​​ចាកចេញ​ពី​ FC Porto មក​កាន់​តំណែង​នៅ Chelsea ​បន្ទាប់​ពី​ដឹក​នាំ​ក្រុម​របស់​ព័រទុយហ្គាល់​​ពីរ​រដូវ​កាល ​ពោល​គឺ​បន្ទាប់​ពី​លោក​នាំ​ក្រុម Porto ​លើក​ពាន​ UEFA Champions League ​ក្នុង​ឆ្នាំ​២០០៤។​ អត្ថបទ​៖ Sunderland ទម្លាក់​ Chelsea ឯ​ Man City ទម្លាក់ Leicester ឡើង​វគ្គ​១/២ League Cup ប៉ុន្តែ​នៅ​ដើម​រដូវ​កាល​ទី​៤​របស់​ខ្លួន​នៅ​ក្រុម​នៃ​ភាគ​និរតី​ទីក្រុង​ឡុងដុង ពោល​គឺ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០០៧ អតីត​អ្នក​បកប្រែ​របស់​លោក Sir Bobby Robson ម្នាក់​នេះ​ចាកចេញ​ពី​ Chelsea ក្រោម​ការ​ព្រមព្រៀង​ទាំង​សងខាង​ បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​ម្ចាស់​ក្លិប Roman Abramovich។ នៅ​ឆ្នាំ​២០០៨ លោក​ទៅ​ដឹក​នាំ​ក្រុម Inter Milan ​ហើយ​លើក​ពាន​៥​​នៅ​ទីនោះ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​២​រដូវ​កាល រួច​ក៏​ផ្លាស់​ទៅ​ដឹក​នាំ​ក្រុម Real Madrid នៅ​អេស្ប៉ាញ​ក្នុង​ឆ្នាំ​២០១០។​​ តែ​បន្ទាប់​ពី​ដឹក​នាំ​ Real Madrid ​ឱ្យ​ឈ្នះ​ជើងឯក​ La Liga ម្ដង​ Copa del Rey ម្ដង​​និង​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​​នៅ Champions League ​ពីរ​ដង​ជាប់​គ្នា​​លោក​ក៏​សម្រេច​ចិត្ត​ចាកចេញ​ពី​ Santiago Bernabeu ​ដោយ​គ្មាន​អ្នក​ណា​បណ្ដេញ ​ដើម្បី​ត្រលប់​មក​ដឹក​នាំ​ Chelsea ​ជា​ទី​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​តែ​គោរព​ស្រលាញ់​និង​ចង់​ឱ្យ​លោក​វិល​ទៅ​កាន់​តំណែង​សាជាថ្មី​ឡើង​វិញ​ដោយសារ​តែ​ស្នាដៃ​ដឹក​នាំ​ Chelsea ​ឱ្យ​ឈ្នះ​ជើងឯក​លីក​កំពូល​អង់គ្លេស​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​​កាល​ពី​ឆ្នាំ​២០០៥៕​ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,