តើអ្នកធ្លាប់កាត់ជំងឺនេះទេ? យុវវ័យភាគច្រើនតែងតែគិតថាភ្នែកកើតពពែឆ្កែដោយសារតែមើលឆ្កែនេះនោះគ្នា។ តើវាពិតមែនឬយ៉ាងណា? ចង់ដឹងច្បាស់ តោះទៅជាមួយ Sabay ស្ដាប់អ្នកជំនាញផ្នែកភ្នែកបកស្រាយរឿងនេះទាំងអស់គ្នា។
លោកវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ បានប្រាប់ឲ្យដឹងថា គេអាចហៅឈ្មោះជំងឺនេះថាពពែឆ្កែ ឬពពែភ្នែក។ អាការៈជំងឺនេះគឺត្របកភ្នែកឡើងហើមប៉ោង ក្រហម និងឈឺទៀតផង។ យ៉ាងទៀត វាមានលក្ខណៈពីរយ៉ាងគឺមានដុំពកខ្លាញ់នៅលើត្របកភ្នែក និងខ្ទុះប៉ោងលើត្របកភ្នែក។
លោកវេជ្ជបណ្ឌិតបកស្រាយថា ជំងឺនេះមិនមែនកើតឡើងដោយសារតែមើលឆ្កែរួមសង្វាសគ្នាដូចដែលអ្នកគិតនោះទេ។ វាកើតឡើងដោយសារតែ កង្វះអនាម័យភ្នែកឲ្យបានត្រឹមត្រូវ និងកង្វក់បរិយាកាសបង្កជាមេរោគដល់ភ្នែក។ កត្តាពីរធំៗនេះ បង្កទៅជាមេរោគបណ្ដាលឲ្យកកកើតជាខ្ទុះក្នុងត្របកភ្នែក និងកើតជាដុំពកខ្លាញ់ព្រោះមេរោគធ្វើឲ្យស្ទះរន្ធក្រពេញខ្លាញ់នៅតាមគែមត្របកភ្នែក។
យ៉ាងណាមិញ ជំងឺនេះមិនមែនជាជំងឺឆ្លងនោះដែរ។ អ្នកជំនាញ រូបនេះក៏បានបញ្ជាក់ផងដែរថា៖ “វាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរ ឬធ្វើឲ្យភ្នែកខ្វាក់នោះទេ។ ក៏ប៉ុន្តែវាអាចនឹងក្លាយទៅជាដុំគីស ក្នុងករណីដែលយើងមិនយកចិត្តទុកដាក់ព្យាបាល ឬបណ្ដែតបណ្ដោយទុកឲ្យកើតវាយូរពេក”។
ជំងឺនេះនឹងបាត់ទៅដោយឯកឯងអំឡុងពេល១សប្ដាហ៍ ប្រសិនបើអ្នកយកចិត្តសម្អាតភ្នែករបស់អ្នក។ អ្នកឯកទេសភ្នែករូបនេះក៏បានប្រាប់ពីវិធីសម្អាតនោះដូចជា ឧស្សាហ៍លុបលាងមុខ និងយកសំឡីជ្រលក់ទឹកស្អាតជូតសម្អាតគល់រោមភ្នែក។ ក្រៅពីនេះ ដំណោះស្រាយល្អបំផុតគឺទៅជួបពិគ្រោះជាមួយអ្នកជំនាញជំងឺភ្នែក មុននឹងសម្រេចប្រើថ្នាំព្យាបាលផ្សេងៗ៕
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment