ព្រះសីហនុ៖ បុរសម្នាក់ ញៀនថ្នាំ ជ្រុលដល់កម្រិត គួបផ្សំ និងប្រពន្ធរត់ចោល ផងក៏ យកសាំង មកចាក់ដុត នៅផ្ទះឪពុកក្មេក បណ្តាលឲ្យឆេះ និងរងរបួស ដល់ខ្លួនស្ទើរ បាត់បង់ជីវិត ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលម៉ោង២៣ និង០០នាទី យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នៅចំណុច ក្រុម២៣ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពពីឪពុកក្មេក របស់ជនរងគ្រោះ ឈ្មោះ សុខ រ៉ន អាយុ៥៤ឆ្នាំ មុខរបរ ដាំត្រកួនលក់ បានប្រាប់ឱ្យដឹងថា កូនប្រសា របស់គាត់ ដែលរងគ្រោះនេះមាន ឈ្មោះ សៅ ញៀន អាយុ២៩ឆ្នាំ មានស្រុកកំណើត នៅភូមិខ្សឹម សង្កាត់ចំការក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានកូន ប្រុសម្នាក់ អាយុ១ ឆ្នាំកន្លះ ។ ប្រភពដដែលបាន និយាយប្រាប់ថា កាលពីល្ងាច កូនស្រីបង្កើត របស់គាត់មានការ ខឹងសម្បារ និងប្តីរបស់ខ្លួន ក៏បានយកកូនប្រុស ធ្វើដំណើរទៅ រាជធានីភ្នំពេញ ដោយមិនបានឲ្យ កូនប្រសា របស់គាត់ដឹងឡើយ ។
លុះយប់ឡើងកូន ប្រសារបស់គាត់ ក៏បានត្រឡប់មកផ្ទះវិញហើយ គោះទ្វារសុំចូលដេក គាត់ក៏បានបើកទ្វារឲ្យចូល លុះក្រោយមក ក៏ស្រាប់តែឃើញ ភ្លើងឆេះសន្ធោសន្ធៅ ក្នុងបន្ទប់របស់កូនប្រសាគាត់ ឃើញដូច្នោះ គាត់ក៏ស្ទុះចូលទៅចាប់ដៃ កូនប្រសា គាត់ដែលកំពុងឆេះពេញខ្លួន ចេញពីគំនរខោអាវ ដែលកំពុងឆេះ បណ្តាលឲ្យ គាត់រលាកដៃផងដែរ ។ ក្រោយមក ក៏ត្រូវបានអ្នកភូមិជួយជះទឹក និងយកម៉ូទ័រ ជួយបាញ់ពន្លត់ បានទាន់ពេលវេលា ។ បន្ទាប់មកគាត់ និងកូនប្រុសម្នាក់ទៀត បានយកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរបង្អែក ខេត្តព្រះសីហនុ ។
តែដោយស្ថានភាពធ្ងន់ធ្ងរពេក លោកគ្រូពេទ្យ បានស្នើរដល់ក្រុមគ្រួសារ គួរដឹកទៅព្យាបាល នៅភ្នំពេញវិញ ប្រសើរជាង។ ចំណែកក្រុមគ្រួសារ ឪពុកក្មេក វិញបានប្រាប់ថា គាត់ជួយបាន តែប៉ុណ្ណឹងទេ ព្រោះគាត់ប្រសាម្នាក់នេះ ជាអ្នកញៀនថ្នាំខ្លាំងណាស់ ហើយកន្លងមក បានបំផ្លាញ ទ្រព្យសម្បត្តិ ក្រុមគ្រួសារបង្កើត អស់ជាច្រើន មិនតែប៉ុណ្ណោះ ថែមទាំងបានមកបំផ្លាញ ទ្រព្យសម្បត្តិខាងប្រពន្ធ របស់ខ្លួន អស់ជាច្រើនទៀតផងដែរ ដោយលើកចុងក្រោយនេះ ហ៊ានយកសាំងប្រមាណ៤លីត្រ មកចាក់ដុតផ្ទះឪពុកក្មេកទៀត ។
ដូច្នេះគាត់គ្មាន មនោសញ្ចេតនាជាមួយកូនប្រសារូបនេះ តទៅទៀតទេ ដោយគាត់បានទាក់ទង ទៅក្រុមគ្រួសារបង្កើត ឲ្យមកមើលជំនួសវិញ ។ គេមិនដឹងថា វាសនាជនរងគ្រោះ និងទៅជាយ៉ាងណានោះទេ ព្រោះស្ថានភាពធ្ងន់ធ្ងរ ខ្លាំងណាស់ ព្រោះឆេះរលាកពេញខ្លួនទាំងអស់ ៕
ប្រភពពីhttp://www.dap-news.com/
0 comments:
Post a Comment