ចំនួនពលករខ្មែរចេញទៅបម្រើការងារនៅក្រៅប្រទេសនៅក្នុងឆ្នាំ២០១៣ ថយចុះ ៣៦ ភាគរយ បើ
ប្រៀបធៀបកាលពីឆ្នាំ២០១២ ខណៈពេលដែលសេដ្ឋកិច្ច កម្ពុជា មានការកើនឡើង គួរឲ្យកត់សំគាល់។
ទិន្នន័យពីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បានបង្ហាញថា ការធ្វើចំណាកស្រុកដោយស្រប
ច្បាប់របស់ពលករខ្មែរទៅបម្រើការងារនៅក្រៅប្រទេសដូចជាប្រទេស ថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី
និង សិង្ហបុរី នៅក្នុងឆ្នាំ ២០១៣ មានចំនួនសុប ២ ម៉ឺន ២.៣០០ នាក់ ពោលគឺ ថយចុះ ៣៦ ភាគរយ
បើធៀប ទៅនឹងកាលពីឆ្នាំ២០១២ ដែលមានចំនួន ៣ ម៉ឺន ៤.៨០៤ នាក់។
ទិន្នន័យដដែលឲ្យដឹងទៀតថា ពលករខ្មែរដែលទៅធ្វើការក្នុងប្រទេសថៃ មានចំនួនច្រើនជាងគេ គឺមាន
១ ម៉ឺន ៣.១៦៨ នាក់ ភាគច្រើនបម្រើការក្នុងរោងចក្រឧស្សាហកម្ម សំណង់ និងកាត់ដេរ។ តួលេខនេះ
បាន ថយចុះ ៥០ ភាគរយ ខណៈ ដែលកាលពីឆ្នាំ២០១២ មានចំនួន ២ ម៉ឺន ៦.៣៩០នាក់។ រីឯនៅ
ប្រទេសកូរ៉េខាងត្បូងវិញ ពលករបានបម្រើការនៅ ក្នុងវិស័យឧស្សាហកម្ម សំណង់ និងកសិកម្ម និង
នេសាទ បានកើនឡើង ៨ ភាគរយ គឺពីចំនួន ៨ ពាន់ ១៣២នាក់ ទៅដល់ ចំនួន ៨ ពាន់ ៨២០ នាក់
ប្រទេស ម៉ាឡេស៊ី មានចំនួន ៩០ នាក់ ថយចុះ ៥០ ភាគរយ បានបម្រើការនៅក្នុងវិស័យឧស្សា ហកម្ម។
ខណៈប្រទេសជប៉ុន ពលករបានបម្រើការនៅក្នុងឧស្សាហកម្មខ្នាតតូច មានចំនួន ១១១ នាក់ កើនឡើង
៩ ភាគរយ ដែលឆ្នាំ២០១២ មានចំនួន ១០២ នាក់ និង ១១១ នាក់ បានចំណាកស្រុកទៅធ្វើការនៅ
សិង្ហបុរី ដែលនេះ ជាលើកដំបូងសម្រាប់ពលករខ្មែរទៅបម្រើការនៅប្រទេសនេះ។
មន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ការរីកលូត
លាស់នៃ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការកើនឡើងនូវចំនួនរោងចក្រ សហគ្រាសក៏ដូចជាកំណើន
ប្រាក់ឈ្មួលនៅក្នុងប្រទេសនាពេលបច្ចុប្បន្ន បានធ្វើឲ្យនិន្នាការចំណាកស្រុកស្វែងរកការងារធ្វើនៅ
ប្រទេសជិតខាងត្រូវបានកាត់បន្ថយ។
មន្ត្រីរូបនេះ បានឲ្យដឹងទៀតថា រដ្ឋភិបាលមិនបានហាមឃាត់ពលករស្របច្បាប់ដែលចេញទៅធ្វើការនៅ
ក្រៅប្រទេសនោះទេ ប៉ុន្តែរដ្ឋាភិបាលក៏មិនបានលើកទឹកចិត្តឲ្យពលករកម្ពុជាទៅធ្វើការនៅបរទេសដែរ
ព្រោះថា បច្ចុប្បន្នកម្ពុជាកំពុងតែត្រូវការកម្លាំងពលកម្មសម្រាប់បម្រើឲ្យសង្វាក់ផលិតកម្មនៅ ក្នុងប្រទេស
ដែលកំពុងតែរីក ចម្រើនយ៉ាងឆាប់រហ័ស។
គិតនៅត្រឹមឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យពលករចំណាកស្រុកទៅធ្វើការ នៅប្រទេសថៃ ដោយ
ខុស ច្បាប់មកជាពលករស្របច្បាប់វិញបានជាង ១៦ ម៉ឺននាក់ហើយ។ ពលករទៅ ធ្វើការ នៅប្រទេស
ថៃទទួល ប្រាក់បៀវត្សរ៍ជាមធ្យមក្នុង ១ខែ បានប្រហែល ២០០ ដុល្លារអាមេរិក ចំណែកឯ នៅប្រទេស
កូរ៉េខាងត្បូង និងជប៉ុន ជាមធ្យមប្រហែល ១.៥០០ ដុល្លារអាមេរិកក្នុងមួយខែ។
សូមបញ្ជាក់ថា កម្ពុជាទទួលចំណូលពីការបញ្ជូនប្រាក់ខែរបស់ពលករត្រលប់មកស្រុកវិញក្នុងមួយឆ្នាំ
ប្រមាណជា ជិត ៣០០ លានដុល្លារអាមេរិក៕
0 comments:
Post a Comment