ខេត្តសៀមរាប ៖ មន្ត្រីនគរបាលប៉ុស្តិ៍ឃុំខ្វាវ និយាយថា បុរសម្នាក់ត្រូវជ្រូកព្រៃដ៏សាហាវ មួយក្បាលខ្វេះនិងខាំរបួសសុសសាច់ និងស្លាប់ភ្លាមៗយ៉ាងអាណោច អាធ័មនៅកណ្តាលព្រៃ ចោលប្រពន្ធនិងកូនបួននាក់ ខណៈរួមជាមួយអ្នកភូមិបីនាក់ផ្សេងទៀត ទៅបាចត្រីនៅត្រពាំងក្នុងព្រៃ ដាច់ស្រយាលមួយនៅតំបន់អូរទឹកពុះ ហើយជ្រូកព្រៃខាងលើកំពុងដេកត្រាំទឹកត្រពាំងនោះ ។
ការនាំគ្នាមកបាចត្រីនេះ គឺបន្ទាប់ពីបានទៅមើលស្រែ នៅតំបន់នោះរួចមក ។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៥ មករា នៅចំណុចស្រែឫស្សី ចម្ងាយប្រមាណ២៣គីឡូម៉ែត្រពីភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ។ ទាក់ទិនទៅនឹងហេតុការណ៍ខាងលើ នាយប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវ លោកអនុសេនីយ៍ទោ ហុក វ៉ាន់ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៦ មករា ថា ជនរងគ្រោះនៅក្នុងហេតុការណ៍នោះឈ្មោះស៊ត សា៊ប់ អាយុ៤៨ឆ្នាំ មានប្រពន្ធឈ្មោះហឹម ញុន អាយុ៤៥ឆ្នាំ និងកូន៣នាក់ រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ជាកសិករ ត្រូវជ្រូកខ្វេះបាតជើងទាំងសងខាង និងខាំសុសសាច់ស្លាប់នៅនឹងកន្លែង ។ លោកនាយប៉ុស្តិ៍បញ្ជាក់ពីហេតុការណ៍នោះថា មុនពេលកើតហេតុជនរងគ្រោះរួមជា មួយនឹងអ្នកភូមិបីនាក់ទៀតដែលមានស្រែនៅក្បែរគ្នា ប្រដាប់ដោយធុុងនិងចបកាប់ បានធ្វើដំណើរចេញពីស្រែ ទៅកាន់តំបន់អូរទឹកពុះ ដែលមានត្រពាំងទឹកដាច់ស្រយាល មួយនៅកណ្តាលព្រៃ ដើម្បីបាចត្រី ។ ប៉ុន្តែពេលទៅដល់មាត់ត្រពាំងខាងលើស្រាប់តែមានជ្រូកព្រៃមួយ ក្បាលធំផ្អើលនិងស្ទុះចេញពីក្នុងទឹកត្រពាំងមកដេញខាំទាំងឆ្កែ និងមនុស្សទាំងកម្រោល ។
តាមក្រុមអ្នកភូមិដែលរួមដំណើរជាមួយជនរងគ្រោះ ហើយឃើញហេតុការណ៍ផ្ទាល់ភ្នែកនិយាយថា ជ្រូកព្រៃនោះមានទម្ងន់ប្រហែលជាងមួយរយគីឡូក្រាម និងមានដុះចែផង បានស្ទុះចេញពីក្នុងទឹកត្រពាំងដេញខ្វេះពួកគេទាំងបួន នាក់ធ្វើឱ្យមានការភ័យខ្លាច និងរត់ឡើងដើមឈើសម្ងំរៀងៗខ្លួន តែជនរងគ្រោះរត់ឡើងមិនទាន់ក៏ត្រូវជ្រូកព្រៃវាយ ប្រហាររហូតដល់ស្លាប់ នៅចំពោះមុខកូនប្រុសតូចម្នាក់ផងដែរ ។ ចំណែកកូនប្រុសជនរងគ្រោះនិយាយថា ពេលនោះគេកំពុងឃ្វាលគោក្បែរមាត់អូរ លុះឮសូរឆ្កែព្រុសយ៉ាងខ្លាំងក៏ស្ទុះទៅមើលស្រាប់តែជ្រូកព្រៃនេះហក់មករកខ្លួន ក៏ឪពុករបស់ខ្លួនឃើញដូច្នេះចូលមកជួយ តែត្រូវជ្រូកព្រៃដ៏ធំនេះខ្វេះនិងខាំគាត់យ៉ាងសាហាវ ។ អ្នកភូមិនិយាយថា ពួកគេឃើញហេតុការណ៍នោះផ្ទាល់ភ្នែក តែមិនមានលទ្ធភាពចុះមកជួយទេ គឺបានត្រឹមតែសម្លឹងមើលជនរងគ្រោះស្រែកឱ្យជួយ និងសម្រែកឈឺចាប់គួរឱ្យអាសូរដោយសារ តែត្រូវជ្រូកព្រៃដ៏សាហាវនេះខ្វេះនិងខាំ ។
លោកហុក វ៉ាន់ ចាត់ទុកថា នេះគឺជាហេតុការណ៍លើកទីមួយហើយ ដែលជ្រូកព្រៃវាយប្រហារមកលើមនុស្សរហូតស្លាប់បែបនេះ ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មានករណីស្រដៀងគ្នាពីរបីករណីដែរ តែមិនដល់ថ្នាក់ស្លាប់ទេ គ្រាន់តែរបួសប៉ុណ្ណោះ ។ មានការអំពាវនាវថា សូមឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលមានដំណើរឧស្សាហ៍ចេញចូលព្រៃសូមឱ្យមានការប្រុងប្រយ័ត្ន ព្រោះជ្រូកព្រៃទាំងនោះពេលវាមានមាឌធំហើយ វាមិនខា្លចមនុស្សទេ និងជាសត្វសាហាវផងដែរ ៕
ប្រភពពីhttp://www.khmerload.com/
0 comments:
Post a Comment