ក្រុមហ៊ុនផលិតរថយន្តស៊េរីទំនើប Rolls-Royce Motor Cars ថ្ងៃនេះបានចេញរបាយការណ៍លក់រថយន្តរបស់ខ្លួនរយៈពេល ៤ត្រីមាសជាប់គ្នាក្នុងឆ្នាំ២០១៣ កន្លងមក ឃើញថាមានកំណើនច្រើនជាងកាលពីឆ្នាំ២០១២ ពោលគឺលក់បាន ៣៦៣០គ្រឿង។
កាលពីឆ្នាំ២០១២ ក្រុមហ៊ុនលក់បានត្រឹម ៣៥៧៥គ្រឿងប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៣ កន្លងទៅថ្មីនេះឃើញថា បានកើនឡើង ១,៥% បន្ថែម។ ដើម្បីឱ្យចំណែកទីផ្សារលក់របស់ខ្លួនកាន់តែធំធាត់តាមគោលដៅចង់បានទៀតនោះ ក្រុមហ៊ុនរថយន្តដែលស្ថិតក្រោមការគ្រប់គ្រងរបស់ BMW មានគម្រោងជ្រើសរើសបុគ្គលិកបន្ថែម ១០០នាក់ទៀតដើម្បីដាក់ឱ្យបំពេញការងារក្នុងរោងចក្រ Goodwood ស្ថិតនៅក្រុង Sussex ប្រទេសអង់គ្លេសប៉ែកអាគ្នេយ៍ក្នុងឆ្នាំថ្មីឆ្នាំ២០១៤នេះ។
លោក Torsten Muller-Otvos ដែលជានាយកប្រតិបត្តិ Rolls-Royce Motor Cars បាននិយាយថា យើងបានចេញរបាយការណ៍លក់រថយន្តជាមួយលទ្ធផលវិជ្ជមាន និងបានរក្សាតំណែងនៅជាក្រុមហ៊ុនលំដាប់កំពូលនៅលើទីផ្សាររថយន្តប្រណិត។ លោកបានបន្តថា តួលេខលក់ដែលមានកំណើនច្រើនជាងគេគឺនៅមជ្ឈិមបូព៌ា ហើយនិងប្រទេសចិន។
បច្ចុប្បន្នក្រុមហ៊ុនរថយន្តអង់គ្លេស Rolls-Royce មានបុគ្គលិកបម្រើការប្រមាណ ១៣០០នាក់។ គេរំពឹងថា ឆ្នាំ២០១៣ ការចែកចាយលក់រថយន្តសរុបនៅអង់គ្លេសមានរហូតដល់ ១,៥លានគ្រឿងឯណោះ ដែលភាគច្រើនផលិតដើម្បីនាំចេញ៕
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment