Thursday, January 16, 2014

បច្ចេកវិទ្យា​មាន​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ គ្រាន់តែ​នៅ​ក្នុង​ឆ្នាំ ២០១៣ ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​អំពី​របកគំហើញ​ថ្មីៗ​ដែល​បាន​បំពាក់​លើ​ទូរសព្ទ​កាន់​តែ​ទំនើប​ដូច​ជា​មុខងារ​ស្កេន​ម្រាមដៃ អេក្រង់​កោង បន្ទះ chip សមត្ថភាព​ខ្ពស់ មនុស្ស​យន្ត​មាន​ភាព​ឆ្លាតវៃ និង​ម៉ាស៊ីន​ព្រីន 3D ជា​ដើម។

ចុះ​សម្រាប់​ឆ្នាំ​ថ្មី ២០១៤ នេះ​វិញ តើ​នឹង​កាន់​តែ​ទំនើប​អស្ចារ្យ​យ៉ាង​ណា​ទៀត? ខាង​ក្រោម​នេះ គឺ​ជា​បច្ចេកវិទ្យា​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​ទាំង ៦ រំពឹង​ចេញ​ក្នុង​ឆ្នាំ ២០១៤៖
១. វីដេអូ​ខល​មើល​គ្នា​ឃើញ​ក្នុង​ទម្រង់ 3D ដូច​ពិតៗ៖

កន្លង​ទៅ Microsoft ធ្លាប់​បាន​អះអាង​ថា កំពុង​អភិវឌ្ឍ​កម្មវិធី​វីដេអូ​ខល Skype របស់​ខ្លួន​ឱ្យ​ប្រើ​ក្នុង​ទម្រង់ 3D បាន​យ៉ាង​ទំនើប​ថែម​ទៀត។ នៅ​ពេល​សម្រេច​បាន អ្នក​ប្រើ​នឹង​ទទួល​បាន​អារម្មណ៍​ថ្មី​ប្លែក ឃើញ​ញាតិមិត្ត​ទាំង​ឡាយ​ហាក់​នៅ​ចំពោះ​មុខ​អីចឹង។ សព្វ​ថ្ងៃ user ដែល​កំពុង​ប្រើ​សេវាកម្ម​ទំនាក់ទំនង​តាម​វីដេអូ​ខល​នេះ​សរុប​ប្រហែល ៣០០លាន​នាក់៕
២. រថយន្ត​ប្រណាំង​ដំណើរការ​ដោយ​អគ្គិសនី៖

ក្នុង​ឆ្នាំ​ថ្មី​នេះ គេ​ជឿ​ថា បច្ចេកវិទ្យា​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នឹង​កាន់​តែ​សម្បូរ​បែប ជាក់​ស្ដែង​រថយន្ត​ប្រណាំង Formula E នឹង​មាន​វត្តមាន​លើ​ឆាក​ប្រកួត​ក្នុង​ទីក្រុង London។ ចំណុច​ពិសេស​មិន​ត្រឹមតែ​ប្រើ​អគ្គិសនី​កាត់​បន្ថយ​ការ​​ចំណាយ​ជាង​ប្រើ​សាំង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​រូបរាង​យ៉ាង​ប្រណិត​ទាន់​សម័យ​ស័ក្ដិសម​បំផុត​ធ្វើ​ជា​រថយន្ត​ប្រណាំង។ គេ​រំពឹង​ថា Formula E នឹង​រត់​ក្នុង​ចម្ងាយ​ផ្លូវ 155mph ឬ ២៥០គីឡូម៉ែត្រ/ម៉ោង
៣. ការ​ដឹកជញ្ជូន​ទំនិញ​អនឡាញ​កាន់​តែ​រហ័ស​ទាន់​ចិត្ត​តាម​ផ្លូវ​អាកាស៖

កន្លង​ទៅ​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អនឡាញ​ធំ​បំផុត​លើ​លោក​របស់​អាមេរិក Amazon ធ្លាប់​បាន​ប្រកាស​គម្រោង​ដឹក​ជញ្ជូន​ទំនិញ​ដល់​អតិថិជន​តាម​វិធី​ងាយស្រួល និង​រហ័ស​ជាង​មុន​តាម​យាន​ហោះ។ យាន Prime Air អាច​ផ្ទុក​ទិន្នន័យ​ដឹក​ម្ដង​ទម្ងន់ ២,៣ គីឡូក្រាម។ ទន្ទឹម​នោះ eBay ក៏​មាន​គម្រោង​ដូច​គ្នា​នេះ​ដែរ។
៤. លេង​ហ្គេម​ដូច​ក្នុង​ពិភព​ពិត​មែនទែន៖

ហ្គេម​ជាទូទៅ​លេង​នៅ​លើ​អេក្រង់​កុំព្យូទ័រ តែ​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​ឃើញ​គេ​បង្កើត​ជា​អេក្រង់​សិប្បនិមិត្ត​សម្រាប់​ពាក់​ស្រដៀង​វ៉ែនតា។ ជាក់​ស្ដែង​ឧបករណ៍​លេង​ហ្គេម​របស់ Oculus Rift ដែល​​ចេញ​នៅ CES តាំង​ពី​ ២០១៣។ Oculus Rift គឺ​ជា​ឧបករណ៍​ទំនើប​ប្រើ​ធ្វើ​ជា​អេក្រង់​សិប្បនិមិត្ត​សម្រាប់​លេង​ហ្គេម ដែល​មាន resolution ចាប់​ពី (640x800px) ទៅ (1280x800px)។ ​អ្នក​លេង​នឹង​​​ជក់​ចិត្ត​ជា​មួយ​រូបភាព​ប្រភេទ 3D ទិដ្ឋភាព​ក្នុង​ហ្គេម​មាន​លក្ខណៈ​ស្ដែង​ដូច​ជា​រូបភាព​ខាង​ក្រៅ​ពិតៗ​អញ្ចឹង។
៥. កាត​ចាយវាយ​មាន​ប៊ូតុង​ចុច សម្រាប់​ប្ដូរ​ប្រភេទ​កាត​បាន (debit, credit, loyalty ឬ gift card)៖
ការ​ធ្វើ​ស្ថិតិ​មួយ​លើ​ប្រជាជន​អាមេរិក ពួក​គេ​មាន​គំនិត​ថ្មី​ក្នុង​ការ​ចាយ​កាត​ឥណទាន​ផ្សេងៗ​ឱ្យ​បាន​ច្រើន ដោយ​កាន់​តែ​កាត​មួយ​សន្លឹក​ប៉ុណ្ណោះ។ ក្រុមហ៊ុន Coin នៅ​សាន់ហ្វ្រាន់ស៊ីស្កូ​បាន​ច្នៃ​បង្កើត device ជា​កាត​ឥណទាន​ទំហំ​ប៉ុនៗ​គ្នា ដែល​អាច​យក​តាម​ខ្លួន​ផ្ទុក​ប្រភេទ​កាត​ផ្សេងៗ​ទៀត​បាន​ចំនួន ៨កាត ដូច​ជា កាត​ឥណពន្ធ ឥណទាន កាត​អតិថិជន​ពិសេស និង​កាត​បញ្ចុះ​តម្លៃ​ផ្សេងៗ​ជា​ដើម។ អ្នក​ដែល​មាន​កាត​ច្រើន​ប្រភេទ និង​មាន​ភាព​ងាយស្រួល​ជា​មួយ​គំនិត​ថ្មី​នេះ ព្រោះ​ងាយស្រួល​ចាយ​ចង់​ប្ដូរ​ប្រភេទ​កាត​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​ជា​ការ​ស្រេច។
៦. សណ្ឋាគារ​ក្រោម​ដី​នៅ​សៀងហៃ៖
ភ្នំ Tianmenshan នៅ​ក្រៅ​ក្រុង​សៀងហៃ​ ប្រទេស​ចិន​ ចម្ងាយ ៤៨គីឡូម៉ែត្រ ​ត្រូវ​បាន​បង្កើត​ជា​សណ្ឋាគារ​លំដាប់​អន្តរជាតិ។ ក្រុមហ៊ុន InterContinental Hotels Group បាន​បោះ​ទុន​ប្រមាណ ៥៦៤លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​រមណីយដ្ឋាន​ផ្កាយ ៥។ គម្រោង​នេះ​ត្រូវ​រំពឹង​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ២០១៤៕

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,