Tuesday, January 21, 2014

ព្រះសីហនុៈ មន្រ្តីយោធា វ័យក្មេង សមរភូមិមុខ ខេត្តព្រះវិហារ ត្រូវរថយន្ត កុងតឺន័រ បុកស្លាប់ទាំងពីរនាក់ នៅលើដង ផ្លូវជាតិលេខ៤ ខណៈដែលកំពុង បើកម៉ូតូឌុបគ្នា ចេញពីក្រុងព្រះសីហនុ ត្រឡប់ទៅផ្ទះ របស់ខ្លួនវិញ នៅស្រុកព្រៃនប់  ។
ហេតុការណ៍គ្រោះ ថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើង កាលពីម៉ោង ២២ និង៤៤នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់មុខមន្ទីរ ឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តព្រះសីហនុ ស្ថិតក្នុងក្រុម៣ ភូមិ១សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ រថយន្តកុងតឺន័រ ក្រុមហ៊ុនS-DAM ពាក់ស្លាកលេខ តាកែវ 3A-0860  ពណ៌ខៀវលាយស និងមានកន្ទុយរឺម៉ក់លេខ ព្រះសីហនុ 4A-0004 និងម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ  លេស យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ អាំ កុមរី ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងពីរជាមន្ត្រីយោធា នៅព្រះវិហារ និងមានទីលំ នៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងត្រូវជាបងប្អូន សាច់ថ្លៃនឹងគ្នាទៀតផង ។
សាក្សីម្នាក់នៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានបើកម៉ូតូ ជែងម៉ូតូមួយគ្រឿងទៀត ក្នុងទិសដៅចេញពីក្រុង ព្រះសីហនុ ទៅភ្នំពេញ ហើយក៏អែបស្តាំ ចុះទៅបត់ជើងតូចទាំងពីរនាក់ បន្ទាប់មកក៏ឃើញជនរងគ្រោះដដែល បើកជែងម៉ូតូរបស់ខ្លួនម្តងទៀត លុះ ធ្វើដំណើរទៅ មុខផុតបន្តិច ក៏ត្រូវរថយន្តកុងតឺន័រ រ៉េចង្កូត មកបុកបញ្ច្រាសទិសគ្នា រួចអូសទាំងជនរងគ្រោះ និងម៉ូតូរាប់សិបម៉ែត្រ ទើបរថយន្តយកចង្កូត ទៅស្តាំដៃរបស់ខ្លួនវិញ បានប្រហែល១០០ម៉ែត្រ អ្នកបើកបរ ក៏បានបើកទ្វាររថយន្តរត់គេចស្រមោល ។
ចំណែកសាក្សីម្នាក់ទៀត ដែលបើកបរម៉ូតូស្របជាមួយ និងរថយន្តកុងតឺន័រ បានប្រាប់ថា រថយន្តកុងតឺន័រ នេះ បានបើកជែងម៉ូតូរបស់គាត់ ក្នុងទិសដៅពីរាជធានី ភ្នំពេញ ទៅក្រុងព្រះសីហនុ ក្នុងស្ថានភាពផ្លូវឡើង ចំណោទ ហើយកោងទៅឆ្វេង ខណៈដែលជែងគាត់ផុត បន្តិចរថយន្តនេះ បានអែបទៅឆ្វេងដៃ ទំនងរក កន្លែង ងងឹតដើម្បីដេក គ្រាន់តែផុតចូល គំនូសពុះផ្លូវភ្លាម គាត់ក៏ឮសូរសំលេង បុកគ្នាយ៉ាងពេញ ទំហឹងតែ ម្តង ភ្លាមនោះរថយន្តបានអូសម៉ូតូ ជនរងគ្រោះជាច្រើនម៉ែត្រ ហើយគាត់ក៏បាន ឃើញរថយន្ត បើកភ្លើង ស៊ីញ៉ូបត់ឆ្វេង នៅពេលក្រោយកើតហេតុ បន្ទាប់មកអ្នកបើករថយន្ត ក៏យកចង្កូតទៅស្តាំដៃ ចូលគន្លង ផ្លូវរបស់ខ្លួនវិញ បានប្រហែល១០០ម៉ែត្រ ក៏បើកទ្វាររត់គេចបាត់តែម្តង ។
ក្រោយកើតហេតុ ស្រ្តីម្នាក់ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានមកយកទូរស័ព្ទ របស់ជនរង គ្រោះទូរ ស័ព្ទ ទៅហៅសាច់ញាតិទាំងយប់ ឲ្យមកយកសព ទៅធ្វើបុណ្យផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវ រកអ្នកបើករថយន្តបង្ក ហេតុដើម្បីចាត់ការតាមច្បាប់ ៕







ប្រភពពីhttp://www.dap-news.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,