ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះមាន់ខ្នាយមាស Tottenham Hotspur ២-០ នៅ FA Cup ជុំទី៣ នាកីឡដ្ឋាន Emirates យប់មិញនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនេះដែរ គឺការធ្វើកាយវិការឌឺដងរបស់ Theo Walcott ទៅកាន់ក្រុមអ្នកគាំទ្រ Spurs។
Walcott បញ្ចេញកាយវិការពិន្ទុ ២-០ ដាក់ fan Spurs
កាយវិការបង្ហាញពិន្ទុ ២-០ ដែលធ្វើឡើងដោយ Walcott នោះ គឺនៅក្នុង៧នាទីចុងក្រោយនៃការប្រកួត ពោលគឺក្រោយពេល Santi Cazorla និង Thomas Rosicky រកបានម្នាក់១គ្រាប់ឲ្យ Arsenal នាំមុខរួចជាស្រេចទៅហើយ។ កាយវិការដែលធ្វើឡើងអំឡុងពេលសែងចេញពីទីលានដោយសាររបួសជើងនោះ អាចធ្វើឲ្យកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ប្រឈមនឹងការពិន័យពីសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ខណៈអ្នកគាំទ្រក្រុមភ្ញៀវក៏អាចទទួលការពិន័យដូចគ្នាដែរ។
ការពិន័យដែលអាចនឹងកើតមានឡើងនោះ គឺដោយសារក្រុមអ្នកគាំទ្រ Spurs បាននាំគ្នាឆ្លើយតបទៅ Walcott វិញ ដោយការគប់វត្ថុរឹងដែលមានដូចជាកាក់ កំប៉ុង និងនំរឹងជាដើម។
យ៉ាងណាក្ដី Walcott មិនបានអើពើនឹងការខឹងពីសំណាក់ fan Spurs នោះឡើយ បែរជាកាន់តែឌឺលើសដើមដោយស្នាមញញឹម។
FA នឹងត្រូវរង់ចាំទទួលរបាយការណ៍ពីអាជ្ញាកណ្ដាល Mark Clattenburg ជាមុនសិន មុនសម្រេចថាត្រូវស៊ើបអង្កេតរឿងហេតុនេះឬយ៉ាងណា ខណៈអ្នកចាត់ការ Arsene Wenger បាននិយាយការពារកីឡាកររបស់លោកថា កាក់ទាំងនោះត្រូវបានគប់សំដៅក្បាល Walcott ទើប Walcott ធ្វើសញ្ញានោះឡើង មានន័យថា កាក់ត្រូវបានគប់តាំងពីមុនកាយវិការនោះម្ល៉េះ បើតាមការប្រាប់លោកពីសំណាក់ក្រុមគ្រូពេទ្យដែលនៅកន្លែងកើតហេតុ។
កាលពីខែមុន កីឡាកររបស់ក្លិប Arsenal មួយរូប គឺ Jack Wilshere ត្រូវបាន FA ពិន័យ២ប្រកួតដោយសារធ្វើកាយវិការមិនគប្បីដាក់អ្នកគាំទ្រក្រុម Manchester City (ពេល Arsenal ចាញ់ Man City ៦-៣)។
ចាំមើលថាតើលើកនេះ Walcott អាចទទួលការពិន័យណាមួយដូច Wilshere ដែរឬទេ?
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment