អ៊ីស្លាមបាដ៖ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ ទី២០ ខែមករា បានរិះគន់ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាម៉េរិក ក្នុងការផ្តល់ជំនួយខ្លះ ដោយមានលក្ខខណ្ឌ ដោយតម្រូវឲ្យប៉ាគីស្ថានដោះលែង វេជ្ជបណ្ឌិតជនជាតិប៉ាគីស្ថានម្នាក់ ដែលបានជួយក្រុម CIA អាម៉េរិក ឈានទៅដល់ការសម្លាប់អូសាម៉ា ប៊ីន អាឡិន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០១៤ថា ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាអនុម័តថវិកា សម្រាប់ឆ្នាំ២០១៤ ដែលអនុម័តដោយសភា គឺអនុញ្ញាតឲ្យរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន អាចកាត់ប្រាក់ចំនួន ៣៣លានដុល្លារ នៃជំនួយរបស់ខ្លួនផ្តល់ទៅឲ្យប៉ាគីស្ថាន រហូតដល់ពេលណាដែល រដ្ឋមន្រ្តីក្រសួងការបរទេស លោក ចន ឃឺរី បញ្ជាក់ថា លោក សាគីល អាហ្វ្រីដា ត្រូវបានដោះលែង និងរួចពីការចោទប្រកាន់ទំាងអស់។
ពាក់ព័ន្ធនឹងជំនួយជាថ្នូរនឹងការ ដោះលែងវេជ្ជបណ្ឌិត សាគីល អាហ្វ្រីឌីនេះដែរ ក្រសួងការបរទេសប៉ាគីស្ថាន ក៏បានសេចក្តីថ្លែងការណ៍ថា «យើងមានការអាក់អន់ចិត្តណាស់ ចំពោះសំណើកាត់ជំនួយចំនួន ៣៣លានដុល្លារ ពីជំនួយសរុបដល់ប៉ាគីស្ថាន ពាក់ព័ន្ធនឹងការឃុំខ្លួនលោកវេជ្ជបណ្ឌិត សាគីល»។
ក្រសួងបន្តថា លោកវេជ្ជបណ្ឌិត សាគីល អាហ្វ្រីឌី ជាពលរដ្ឋនៃប្រទេសប៉ាគីស្ថានមួយរូប ដែលត្រូវបានចោទប្រកាន់ ពីបទបានរំលោភលើច្បាប់របស់ប្រទេស។ សកម្មភាពរបស់លោក ក៏បានបណ្តាលឱ្យមានការខូចខាតដ៏ធំមួយ ចំពោះយុទ្ធនាការការពារជំងឺខួរឆ្អឹងខ្នង ក្នុងប្រទេសប៉ាគីស្ថាន។
ក្រសួងការបរទេសប៉ាគីស្ថាន ក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនៃជំនួយរបស់ សហរដ្ឋអាមេរិកចំពោះករណីនេះ មិនបានរក្សាជាមួយនឹងស្មារតី នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនោះទេ។
សេចក្តីថ្លែងការណ៍បន្តទៀតថា «ប្រទេសប៉ាគីស្ថាន និងសហរដ្ឋអាម៉េរិក បានចូលរួមនៅក្នុងការកសាងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដោយផ្អែកលើការគោរពសិទ្ធិគ្នា និងផលប្រយោជន៍គ្នាទៅវិញទៅមក។ ក្តីសង្ឃឹមរបស់យើងគឺថា ដំណើរការនេះនឹងបន្តដើរទៅមុខ ក្នុងលក្ខណៈស្ថាបនាមួយ៕
ប្រភពពីhttp://www.dap-news.com/
0 comments:
Post a Comment