ផលិតកម្មថ្មីមួយក្នុងស្រុក មានឈ្មោះថា “Spider” បានធ្វើពិធីក្រុងពាលីចាប់ផ្តើមថតរឿងដំបូងរបស់ខ្លួននៅព្រឹកមិញនេះ នៅវត្តជន្លង់ម្លូខាងលិចពោចិនតុង។
រឿងនោះមានចំណងជើងថា “កំណប់បះសក់” ជាប្រភេទរឿងខ្មោច បែបកំប្លែងសើចសប្បាយ ផ្តល់ការអប់រំ។ ភាពយន្តដំបូងរបស់ផលិតកម្ម “Spider” នេះ ចូលរួមសម្ដែងដោយ កញ្ញា សៀក សរុណា លោក ស៊ឹម សុរ៉ាមភូមិ លោក ពីម័យ លោក បុត្រ រំដួលរង្សី រួមជាមួយតារាកិត្តិយសជាច្រើនទៀត ដែលភាគច្រើនជាតារាថ្មី។
ហេតុផលនេះ លោក សន ចាន់តារារិទ្ធ ជាអ្នកដឹកនាំការថតភាពយន្តខាងលើ បានបញ្ជាក់ថា លោកចង់ផ្តល់ភាពខុសប្លែកដល់ទស្សនិកជន តាំងពីតួសម្ដែង រហូតដល់សាច់រឿងតែម្តង។ “ខ្ញុំគិតថា ការប្រើតួដដែលៗ គឺសុំាភ្នែកណាស់សម្រាប់ទស្សនិកជន ម្យ៉ាងខ្ញុំគិតថាឲ្យតែរឿងយើងធ្វើបានល្អទៅ គឺបានហើយ!”។ លោក តារារិទ្ធបញ្ជាក់។
លោក អូន ទូច ដែលជាចាងហ្វាងផលិតកម្ម “Spider” ក៏បានបញ្ជាក់ដែរថា ធ្វើរឿងនេះ គឺលោក និងក្រុមការងារយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះគុណភាព ក៏ដូចជាខ្លឹមសាររឿង ព្រោះវាជាសមិទ្ធផលដំបូងរបស់ផលិតកម្មរបស់លោក។ លោក ថ្លែងថា “យើងធ្វើតាមដំណើរអត់បង្ខំទេ ធ្វើយ៉ាងណាឲ្យល្អតែម្តង យើងគ្រោងបញ្ចាំងជូនទស្សនានៅក្រោយចូលឆ្នាំខ្មែរ!ឯណោះ”។
វិលមកខ្លឹមសាររឿង “កំណប់បះសក់” វិញ លោក សន ចាន់តារារិទ្ធ “ខ្មោចលក់ព្រលឹង” “ទាយាទអាសិរពិស” បានសង្ខេបប្រាប់ថា ដំណើររឿងបានកើតចេញពីផែនទីមួយ ដែលម្តាយតួប្រុសរើសបាន ហើយយកមកទុកក្នុងកេសលើផ្ទះ ឯកូនប្រុសអត់ដឹងរឿងគិតថាជាផែនទីកំណប់ ក៏លួចយក ហើយបានទៅបោកតួប្រុសលោក ស៊ឹម សុរ៉ាមភូមិ ឲ្យមកជួយរកកំណប់ដែលស្ថិតលើដីរបស់ សុរ៉ាមភូមិ។
លោកបន្ថែមថា នៅលើដីនេះ មានខ្មោចស្រីម្នាក់នៅមើលថែកំណប់នោះ ដូច្នេះក្រុមអ្នករកកំណប់ទោះរកយ៉ាងណាក៏រកមិនឃើញដែរ។ ជាមួយគ្នានោះ ខ្មោចស្រីខាងលើ បានចេញលង បង្កើតឲ្យមានឈុតឆាកកំប្លែងជាច្រើន។ លោក ថា “គ្រប់គ្នាមានការភ័ន្តច្រឡំចំពោះផែនទីកំណប់នេះ ប៉ុន្តែខ្ញុំទុកបកស្រាយនៅចុងបញ្ចប់នៃសាច់រឿងទៅចុះ”។
កញ្ញា សៀក សរុណា លោក ស៊ឹម សុរ៉ាមភូមិ លោក បុត្រ រំដួលរង្សី និងលោក ពីម័យ ដែលសុទ្ធជាតួអង្គធំក្នុងរឿង ស្នើឲ្យទស្សនិកជនចូលរួមគាំទ្រផង ហើយថា ពួកគេនឹងប្រឹងប្រែងសម្ដែងឲ្យអស់លទ្ធភាព៕
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment