ការធ្វើបានហ៊ែតទ្រីក ឲ្យ Barcelona បំបាក់ Osasuna ៧-០ យប់មិញនេះ បានធ្វើឲ្យ Lionel Messi ក្លាយជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្ដក្លិបជើងឯកអេស្ប៉ាញមួយនេះ។
ខ្សែប្រយុទ្ធអាហ្សង់ទីន វ័យ២៦ឆ្នាំរូបនេះ បានស៊ុតបំបែកពងមាន់នៅនាទី១៩ ដើម្បីតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតឲ្យ Barcelona ក្នុងគ្រប់កម្មវិធី គិតទាំងប្រកួតមិត្តភាពរបស់ Paulino Alcantara (៣៦៩គ្រាប់)។
ចូលតង់ទី២ Messi បានបន្ថែម២គ្រាប់ទៀត ពោលគឺគ្រាប់ទី ៣៧០ និង៣៧១របស់ខ្លួន ដើម្បីបំបែកកំណត់ត្រាដែលគ្មានអ្នកណាបំបែកបានជាយូរមកហើយនោះ។
ក្រៅពីបំបែកកំណត់ត្រាស៊ុតច្រើនបំផុតក្នុងប្រវត្តិសាស្រ្ដក្លិបអេស្ប៉ាញមួយនេះ Messi ក៏នៅមានកំណត់ត្រាមួយចំនួនទៀត ដែលជិតនឹងបំបែកបានផងដែរ មានដូចជា៖
- ជាកីឡាករស៊ុតចូលច្រើនបំផុតលំដាប់ទី៣ប្រចាំ La Liga (២៣២គ្រាប់) តិចជាងអតីតខ្សែប្រយុទ្ធក្លិប Real Madrid និង Altetico Madrid, Hugo Sanchez (២៣៤គ្រាប់) និងអតីតកីឡាករក្លិប Athletic Bilbao, Telmo Zarra (២៥២គ្រាប់)។
- ជាកីឡាករធ្វើបានហ៊ែតទ្រីកច្រើនជាងគេលំដាប់ទី៥ ប្រចាំ La Liga (១៨ដង) តិចជាង Mundo (១៩ដង),Cristiano Ronaldo (១៩ដង), Alfredo Di Stefano (២២ដង) និង Telmo Zarra(២២ដង)។ នេះបើយោងតាមការឲ្យដឹងពី Mail Online។
ងាកមកមើលការប្រកួតវិញ ៤គ្រាប់ផ្សេងទៀតរបស់ក្រុមលោក Gerardo Martino ធ្វើបានដោយ Alexis Sanchez (នាទី២២), Andres Iniesta (នាទី៣៤), Cristian Tello (នាទី៧៨) និង Pedro (នាទី៩០)។
ជ័យជម្នះនេះ ធ្វើឲ្យ Barca នៅតែលេខ៣ក្នុងតារាង La Liga ដោយចាញ់ក្រុមកំពូលតារាង Real Madrid ៤ពិន្ទុ ប៉ុន្តែអាចមានឱកាសកាត់បន្ថយគម្លាតប្រសិនបើអាចឈ្នះនៅក្នុងជំនួប El Clasico ចុងសប្ដាហ៍នេះ៕
Messi យកបាល់ដែលខ្លួនស៊ុតបំបែកកំណត់ត្រា ក្រោយចប់ការប្រកួត
អត្ថបទទាក់ទង៖
0 comments:
Post a Comment