Saturday, January 4, 2014


អ្នកចាត់ការ ​Jose Mourinho​ និយាយ​ថា​លោក​​មាន​បំណង​ទុក​ខ្សែ​បម្រើ Juan Mata និង Michael Essien ​ឱ្យ​នៅ​លេង​ឱ្យ​ Chelsea ដដែល​ប៉ុន្តែ​​ទ្វារ​បើក​ចំហ​សម្រាប់​​ពួក​គេ​ប្រសិន​បើ​​កីឡាករ​ទាំង​ពីរ​ចង់​ចាកចេញ។
ខ្សែ​បម្រើ​ជម្រើស​ជាតិ​អេស្ប៉ាញ​ Mata ​​បង្ហាញ​​កាយវិការ​​ខឹង​មួម៉ៅ​នៅ​ពេល​ត្រូវ​​លោក Mourinho ​ប្ដូរ​ចេញ​​​និង​​ដាក់​ជំនួស​វិញ​ដោយ​ Oscar ​ក្នុង​នាទី​ទី​៥៣​នៃ​ការ​ប្រកួត​ដែល Chelsea ផ្ដួល Southampton​ ៣-០​យប់មិញ។ ពេល​នោះ​អតីត​យុវជន​របស់​ Real Madrid មិន​ចាប់​ដៃ​អ្នកចាត់ការ​របស់​ខ្លួន​ទេ​ហើយ​បញ្ចេញ​សកម្មភាព​ខឹង​ក្រោធ​ថែម​ទៀត មុន​ពេល​ Michael Essien ​ដែល​អង្គុយ​កៅអី​បម្រុង​ជួយ​លួងលោម។
​យ៉ាង​ណា​ក្ដី​ លោក​ Mourinho បញ្ជាក់​ថា​​កីឡាករ​ដែល​ផ្ទេរ​ពី​ក្រុម Valencia ​មក​ Stamford Bridge ​ក្នុង​តម្លៃ​៣៩​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១១​ បញ្ចេញ​អាការៈ​បែប​នោះ​​ពីព្រោះ​​គេ​មិន​សប្បាយ​ចិត្ត​​នឹង​​គ្រាប់​បាល់​ដែល​នៅ​០-០​នៅ​ឡើយ​ពេល​ត្រូវ​ប្ដូរ​ចេញ​នោះ។​



ទន្ទឹម​នឹង​នេះ​ អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​​វ័យ​៥០​ឆ្នាំ​​បន្ថែម​ថា​៖ “ខ្ញុំ​ចង់​ទុក​គេ មិន​ចង់​ឱ្យ​គេ​ចេញ​ទៅ​ណា​ទេ។ នេះ​ជា​បំណង​របស់​ខ្ញុំ ប៉ុន្តែ​ទ្វារ​របស់​ខ្ញុំ​បើក​ចំហ ​ហើយ​ទ្វារ​ក្លិប​ក៏​បើក​ចំហ​ដូច​គ្នា​នៅ​ពេល​ណា​កីឡាករ​ចង់​និយាយ​ជាមួយ​ពួក​យើង ពួក​យើង​រង់ចាំ​ពួក​គេ។ ខ្ញុំ​ដឹង​ថា​កីឡាករ​ម្នាក់​ៗ​គិត​អំពី​ការ​ជាប់​ជម្រើស​ជាតិ ​ទៅ​លេង​ World Cup ​និង​លេង​ទៀងទាត់​ក្នុង​ក្រុម​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធានា​កៅអី​ជម្រើស​១១​នាក់​ដំបូង​សម្រាប់​នរណា​ម្នាក់​បាន​ទេ វា​អាស្រ័យ​លើ​ទម្រង់​លេង​របស់​ពួក​គេ”។
ការ​សម្រេច​ចិត្ត​របស់​លោក Mourinho ផ្ដល់​ផល​ជា​វិជ្ជមាន​ក្នុង​ការ​ប្រកួត​យប់មិញ ពោល​គឺ​បន្ទាប់​ពី​ដាក់​ខ្សែ​បម្រើ​ប្រេស៊ីល​ Willian ​និង​ Oscar ចូល​លេង​ជំនួស Andre Schurrle និង Mata ​ក្នុង​នាទី​ទី​៥៣ ​ការ​វាយ​សម្រុក​របស់​ក្រុម​តោ​ខៀវ​កាន់​តែ​ស្រួចស្រាល់​​ហើយ​​​​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្រុម​ Southampton បាន​សម្រេច​ក្នុង​នាទី​ទី​៦០,៧១​និង​៨២។
ឆ្លង​កាត់​២០​ប្រកួត​មក​នេះ ក្រុម Chelsea ​ឈរ​លេខ​រៀង​ទី​៣​ក្នុង​តារាង Premier League ដេញ​ពី​ក្រោយ​ក្រុម​កំពូល​តារាង Arsenal តែ​២​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​លោក Mourinho និយាយ​ថា​ក្រុម​របស់​លោក​មិន​មែន​ជា​បេក្ខភាព​ប្រជែង​ជើងឯក​ទេ៕

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,