Tuesday, January 21, 2014

ភ្នំពេញ៖ លោក ជា មុនី្ន ប្រធានសហជីពសេរីកម្មករកម្ពុជា និងលោក សម រង្ស៊ី ប្រធាន គណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា អនុប្រធាន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នេះ បានដឹកនាំក្រុមកម្មករ កម្មការិនី រួមនិងថ្នាក់ដឹកនាំសហជីពជាច្រើននាក់ ចូលរួម បា្ររព្ធពិធីគោរព វិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ នៃការទទួលមរណភាពរបស់លោក ជា វិជ្ជា ក្នុងអំពើ ឃាតកម្មកាលពី៩ឆ្នាំមុន។
លោក ជា វិជ្ជា ដែលគេដឹងថា ជាអ្នកតស៊ូមតិដ៏ខ្លាំងក្លាមួយ ក្នុងការទាមទាររកសិទ្ធិសេរីភាព និង ដំឡើងប្រាក់ខែជូនកម្មករ កាលពីអំឡុងទស្សវត្សរ៍ ឆ្នាំ១៩៩០ និងដើមទស្សវត្សរ៍ឆ្នាំ២០០០ រូបលោកត្រូវបានឃាតក បាញ់សម្លាប់នៅថ្ងៃទី២២ ខែ មករា ឆ្នាំ២០០៤ គ្រាដែលលោកកំពុង អង្គុយ អានកាសែតនៅក្នុងតូបលក់កាសែតខាងលិចវត្តលង្កា។
លោក ជា មុនី្ន បានមានប្រសាសន៍នៅក្នុងពិធីនោះថា “យើងសូមឧទ្ធិសកុសល ដល់អ្នក បាត់បង់ជីវិត ដើម្បីទាមទារសេរីភាព ទាមទារប្រាក់បៀវត្ស ផងដែរ”។
លោក សម រង្ស៊ី បានថ្លែងឲ្យដឹងផងដែរថា “ខ្ញុំសូមអំពាវនាវឲ្យខ្មែរទាំងអស់ ត្រូវតែរួមរួបគ្នា ដើម្បីបញ្ចប់រាល់អំពើហិង្សា នៅក្នុងប្រទេសកម្ពុជា ជាពិសេសហិង្សានយោបាយ ហិង្សាមកលើអ្នកស្រឡាញ់យុត្តិធម៌ ដែលហានតវ៉ា ត្រូវគេបាញ់សម្លាប់ និងត្រូវ តែបញ្ចប់វប្បធម៌ហិង្សា បញ្ចប់ វប្បធម៌និទណ្ឌភាព និងបញ្ចប់អ្នកដែលសម្លាប់លោកជា វិជ្ជា”។
ចំណែក លោក កឹម សុខា វិញ បានមានប្រសាសន៍ថា “យើងមិនអាចបំភ្លេចបានទេ យើងតែ ត្រូវតែបន្តការតស៊ូ រកយុត្តិធម៌ជូនគាត់តទៅទៀត (លោក ជា វិជ្ជា) សូមឲ្យវិញ្ញាណក្ខន្ធគាត់ ស្ងប់ស្ងាត់ ប៉ុន្តែវិញ្ញាណក្ខន្ធគាត់នៅជាមួយសហជីព នៅជាមួយកម្មករជានិច្ច ដើម្បីទាមទារយុត្តិធម៌ ដើម្បីបានផលប្រយោជន៍ដល់កម្មករ”។
សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នឃាតក បាញ់សម្លាប់លោក ជា វិជ្ជា មិនទាន់ត្រូវបាន វែកមុខ នៅឡើយនោះទេ តែដើម្បីគោរពនូវ វីរភាព របស់លោកក្នុងចលនា នៃការតស៊ូមតិ រាជរដ្ឋាភិ បាលកម្ពុជា បានសម្រេចអនុញ្ញាត ឲ្យមានការសាងសង់រូប សំណាក់របស់ លោកនៅលើសួន ច្បារមុខវត្តលង្កាខាងលិចវិមានឯករាជ្យ ទុកសម្រាប់ជា ការគោរពដល់ជនដទៃ។
មន្រ្តីអាជ្ញាធររាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងមានសមត្ថកិច្ច ពុំបានរារាំងការ ហែក្បួន របស់លោក ជា មុនី្ន ពីទីស្នាក់ការសហជីព ទៅខាងលិច សួនច្បារវិមានឯករាជ្យ ទីកន្លែង តម្កល់រូបសំណាក លោកជា វិជ្ជា នោះទេ ។ លើសពីនេះទៅទៀត អាជ្ញាធរ ថែមទាំង បានជួយសម្រួល ចរាចរទៀតផង ៕




ប្រភពពីhttp://www.dap-news.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,