Thursday, January 23, 2014

ខេត្តរតនគិរី ៖ ចោរប្លន់ប្រដាប់អាវុធមួយក្រុម មានបក្សពួកចំនួន៣នាក់ ត្រូវបានប៉ូលិសក្របួច នាវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ មករា ក្រោយពេលពួកគេធ្វើសកម្មភាព ប្លន់មិនបានសម្រេច កាលពី១ម៉ោងមុន ។
ការចាប់ក្រុមចោរប្លន់នេះ ត្រូវបានលោកងយ ដន អធិការរងនគរបាល ស្រុកអូរយ៉ាដាវ ឱ្យដឹងថា ជនសង្ស័យ៣នាក់ ត្រូវចាប់ខ្លួនពីបទប្លន់ប្រដាប់អាវុធមានស្ថាន ទម្ងន់ទោស ដែលមាន ១-ឈ្មោះ ស៊ាន ចៀន ភេទប្រុស អាយុ៣៥ឆ្នាំ ជាមេខ្លោងនិងជាអ្នកបាញ់ ២-ឈ្មោះ ស៊ាន ភឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាប្អូនបង្កើតរបស់មេខ្លោង និង៣-ឈ្មោះ លី គីមហុង ភេទប្រុស អាយុ២៤ឆ្នាំ ។ ជនសង្ស័យទាំង៣នាក់ ជាកម្មករលីសែងដំឡូងមី និងរស់នៅក្នុងភូមិកើតហេតុ គឺភូមិកំផ្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ និងមកធ្វើជាកម្មករ បាន៣ខែហើយ ។ ក្រុមជនសង្ស័យទាំង៣នាក់ មានស្រុកកំណើតនៅភូមិព្រៃកំពែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ លោកអធិការរងបានបន្តទៀតថា ក្រុមជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពប្លន់អ្នកភូមិឈ្មោះ ឃឹម សំអ៊ន់ ភេទប្រុស អាយុ៥១ឆ្នាំ ជាកសិករ រស់នៅភូមិកំផ្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ។
បើតាមជនរងគ្រោះប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ក្រុមជនសង្ស័យបានជិះម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៌ក្រហមចូលផ្ទះ គាត់នៅម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២១ មករា ។ ពេលនោះគាត់ជាម្ចាស់ផ្ទះ មិនទាន់ចូលដំណេកទេ និងកំពុងតែបញ្ឆេះគោយន្ត ដែលមានផ្ទុកដំឡូងមីច្រកបាវពេញសាក មើល តើទៅមុខរួចឬអត់ ។ គាត់បានឃើញក្រុមជនសង្ស័យមានកាំភ្លើង១ដើម ក៏មានបំណងបើកគោយន្តរត់គេចខ្លួន តែត្រូវជនសង្ស័យទាំងនោះ បាញ់ចំនួន៤គ្រាប់បំបែកកង់ក្រោយគោ យន្ត។ ដោយការប្រឈមនឹងសកម្មភាពបែបនេះ គាត់ក៏រត់គេចខ្លួនទៅហៅអ្នកជិតខាងឱ្យជួយ និងទូរស័ព្ទប្ដឹងប៉ូលិស ។ លោកអធិការរង ងយ ដន បានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ មករា នៅកន្លែងផ្សេងគ្នា គឺឈ្មោះ លឺ គីមហុង ចាប់ខ្លួននៅមុខផ្លូវចូល ទៅក្រុមហ៊ុនម៉ាងយ៉ាងខេ ក្បែរកន្លែងកើតហេតុ ឯ២នាក់បងប្អូនបង្កើត ចាប់បាននៅមុខវត្តសីមាសុវណ្ណគិរី ខណៈពួកគេកំពុងជិះម៉ូតូ ហើយមានកាំភ្លើង តែពេលនោះពួកគេ បានបោះកាំភ្លើងចោលនៅក្បែររបងវត្ត ។ វត្ថុតាងដែលរឹបអូសបាន រួមមាន កាំភ្លើងអាកា៤៧ មួយដើម អត់មានគ្រាប់ និងដកហូតបានម៉ូតូសង់កូរ៉េ ស៊េរីចាស់១គ្រឿង ព្រមទាំងរកឃើញសម្បកគ្រាប់ចំនួន៤ ។
ទោះបីជាបែបណា ជនសង្ស័យមិនព្រមសារភាពទេ គ្រាន់តែប្រាប់មន្ត្រីនគរបាលថា កាំភ្លើងនេះ ពួកខ្លួនរើសបាននៅចម្ការរបស់អ្នកភូមិ តែមន្ត្រីនគរបាលនិយាយថា នេះគ្រាន់តែជាចម្លើយដោះសាទេ ។ តាមការសន្និដ្ឋាន គឺកាំភ្លើងនេះយកមកពីស្រុកក្រោម ទុកប្លន់ ។ ក្នុងការផ្ទុះអាវុធ ក្រុមចោរអត់មានបង្កឱ្យម្ចាស់ផ្ទះរងរបួសទេ ហើយទ្រព្យសម្បត្តិក៏អត់មានបាត់បង់អ្វីដែរ៕



ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,