Friday, January 3, 2014

សព្វ​ថ្ងៃ​មិន​ត្រឹមតែ​បច្ចេកវិទ្យា​ថ្មីៗ និង​មុខងារ​មាន​អត្ថប្រយោជន៍​នៅ​លើ Smartphone ជា​ចំណុច​ទាក់ចិត្ត​អ្នក​ប្រើ​​ប៉ុណ្ណោះ​ទេ រី​ឯ​ការ​ឌីហ្សាញ​ក៏​សំខាន់​អត់​មិន​បាន​ដែរ។ ម្ដង​នេះ​លេច​រូប​កំពូល Smartphone ម៉ាក​ HTC មួយ​ម៉ូដែល​ទៀត​ ដែល​មាន​ឈ្មោះ​ថា HTC One 2  HTC M8 ជា​មួយ​ការ​ឌីហ្សាញ​ស្អាត​អស់​ស្ទះ អាច​ប្រកួតប្រជែងរូបរាង​នឹង iPhone 5S បាន។




កន្លង​មក ក្រុមហ៊ុន​ទូរសព្ទ​តៃវ៉ាន់​នេះ បាន​ទទួល​ជោគជ័យ​លើ Smartphone HTC One ហើយ​ឥឡូវ​កំពុង​ដុតដៃដុតជើង​ផលិត​ម៉ូដែល​ថ្មី​មួយ​ទៀត​ដែល​ផ្ដោត​លើ​ការ​ឌីហ្សាញ​យ៉ាង​ស្រស់​ស្អាត​អត់ទ្រាំ​មិន​សរសើរ​មិន​បាន។ HTC បាន​បញ្ចេញ​សែស្រឡាយ Smartphone ស្ថិត​ក្នុង​ត្រកូល One ជា​ច្រើន​តាំង​ពី​ឆ្នាំ២០១២ មក ដែល​មាន One X, One S, One V និង​ត្រកូល One X+ ដែល​មាន One SV, HTC One, One mini និង One Max នៅ​ឆ្នាំ២០១៣កន្លង​ទៅ។ ពេល​នេះ ពុំ​ទាន់​ច្បាស់​ទេ​ថា តើ​ក្រុមហ៊ុន​បន្ត​បញ្ចេញ​ទាយាទ One ទៀត​ឬ​យ៉ាង​ណា តែ​ទំនង​ជា​ចេញ​ឈ្មោះ HTC M8 ច្រើន​ជាង។
លក្ខណៈ សម្បត្តិ​ដែល​រំពឹង​មាន​នៅ​លើ HTC One 2 ឬ M8 រួម​មាន៖ អេក្រង់ full HD ទំហំ ៥អ៊ីញ ឬ៥,២អ៊ីញ(1920 x 1080px) គាំទ្រ 2K និង 4K display បំពាក់ CPU ប្រភេទ quad-core ប្រភេទ chip Qualcomm’s Snapdragon 800 SoC ជា​មួយ​ល្បឿន 2.26GHz រី​ឯ RAM ទំហំ 3GB ប្រើ Android 4.4 KitKat ហើយ​មាន UI ជំនាន់​ថ្មី​គឺ HTC Sense 6.0។ ចំណែក​ឯ​កាមេរ៉ា​អាច​មាន​ទំហំ 4MP ដូច HTC One ដែរ តែ​គុណភាព​ស្មើ​នឹង 41MP របស់ Lumia 1020 និង​ស្មើ​នឹង 20.7MP របស់ Xperia Z1។ របាយការណ៍​លើក​ឡើង​ថា HTC នៅ​តែ​បន្ត​ផលិត​តួ​ទូរសព្ទ​ជំនាន់​ក្រោយ​របស់​ខ្លួន​ពី​លោហធាតុ​ដដែល។
ម៉ូដែល M8 នឹង​ជា​អាវុធ​យ៉ាង​មុត​ស្រួច​របស់ HTC ទុក​សម្រាប់​ប្រកួត​ប្រជែង​ជា​មួយ Galaxy S5 របស់ Samsung ដែល​សុទ្ធតែ​នឹង​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ២០១៤ នេះ។ តាម​គណនី​បណ្ដាញ​សង្គម Twitter ឈ្មោះ @evleaks បង្ហោះ​ឱ្យ​ដឹង​ថា M8 នឹង​ចេញ​អំឡុង​ត្រីមាស​ទី១ ឆ្នាំ២០១៤ អាច​នៅ​​ក្នុង​ព្រឹត្តិការណ៍ MWC 2014 ដែល​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​​ទី២៤ ដល់​ទី២៧ ខែ​កុម្ភៈ ឬ​ចុង​ខែ​មីនា៕

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,