Friday, January 3, 2014

លោក Sullivan Eav តារា​សម្ដែង កូន​ខ្មែរ​កាត់​អ៊ីតាលី ដែល​ទស្សនិកជន​មួយ​ចំនួន​ធ្លាប់​ស្គាល់ តាម​រយៈ​ការ​សម្ដែង ខារ៉ាអូខេ ក្នុង​បទ​មួយ​ចំនួន​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស និង ស្ប៉ត​​ពាណិជ្ជកម្ម​មួយ​ចំនួន​កន្លង​មក​នោះ បាន​និយាយ​ប្រាប់​ Sabay ថា អត់​ចង់​ទៅ​ស្រុក​កំណើត​​​នៅ​ឯ​ប្រទេស​បារាំង​​វិញ​​ឡើយ គឺ​លោក​​ចង់​រស់​នៅ​ស្រុក​ខ្មែរ​ច្រើន​​ជាង




ក្នុង​បទ​សម្ភាស​ជា​មួយSabay កាល​ពី​ម្សិល​មិញ លោក Sullivan Eav បាន​ឲ្យ​ដឹង​ថា លោក​គឺ​ជា​កូន​ខ្មែរ កាត់​អ៊ីតាលី ដោយ​​ឪពុក​របស់​លោក​ គឺ​ជា​ជន​ជាតិ​ខ្មែរ ដែល​មាន​ដើម​កំណើត ក្នុង ស្រុក កំពង់ត្រាច ខេត្ត កំពត ចំណែក​ម្ដាយ​របស់​ លោក គឺ​ជា​​ជនជាតិ អ៊ីតាលី ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​លោក ទៅ​រស់​នៅ ប្រទេស​បារាំង។ លោក​​គឺ​ជា​កូន​ទី២ នៅ​ក្នុង​គ្រួសារ ក្នុង ចំណោម​បងប្អូន៣ នាក់ ប្រុស១ និង​ស្រី២។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​វិស្សមកាល​ម្ដងៗ ក្រុម​គ្រួសារ​របស់​លោក​តែងតែ​មក​រស់​នៅ​ប្រទេស​កម្ពុជា ១-២ ខែ ក្រោយ​ពី​បញ្ចប់​ពី​រដូវ​វិស្សមកាល ទើប​ទៅ​រស់​នៅ​ និង​ធ្វើ​ការ​នៅ​ប្រទេស​បារាំង​វិញ។
កូន​កាត់​អ៊ីតាលី​រូប​នេះ ​បាន​បន្ត​ថា ដើម​ឡើយ​លោក ​គឺ​ជា​កីឡាករ នៅ​ក្នុង​​ក្រុម​បាល់​ទាត់​មួយ ក្នុង​​ប្រទេស​បារាំង ប៉ុន្តែ​ដោយ​លោក​មាន​បញ្ហា​ជង្គង់ លោក​ក៏​​បាន​ឈប់​ពី​ក្រុម​មួយ​នោះ ហើយ​ទៅ​បម្រើ ការងារ​​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​នៅ ប្រទេស​​រុស្សី។
Sullivan Eav ប្រាប់​ថា លោក​បាន​ធ្វើ​ការ​នៅ​ប្រទេស​​រុស្សី​ជាង ២ឆ្នាំ ដោយសារតែ​មាន​ចិត្ត​ស្រលាញ់​ប្រទេស​កម្ពុជា តាំង​ពី​តូច​មក លោក​ក៏​បាន​សម្រេច​ចិត្ត​​មក​រស់​នៅ​​ប្រទេស​កម្ពុជា​ ។ មក​ទល់​ពេល​នេះ​លោក​​បាន​ទិញ​ផ្ទះ​មួយ​នៅ​តំបន់​ទួលគោក បាន​​ជិត៣ឆ្នាំ​មក​ហើយ ដោយ​​បច្ចុប្បន្ន​​លោក កំពុង​រស់​នៅ​ជា​មួយ​បងប្អូន​ជីដូន​មួយ២នាក់​ផ្សេង​ទៀត មក​ពី​ខេត្ត កំពត ដែល​ម​ក​បន្ត ការ​សិក្សា​នៅ​ភ្នំពេញ ដោយ​លោក ​គី​ជា អ្នក​ទទួល​រ៉ាប់រង។
ចំពោះ​ការ​បោះជំហាន​ចូល​វិស័យ​សិល្បៈ​វិញ លោកSullivan Eav បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​លោក បាន​ស្គាល់​អ្នក​គ្រប់គ្រង​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ដោយ​អ្នក​គ្រប់គ្រង​នៅ​ក្នុង​ផលិតកម្ម​មួយ​នោះ ចាប់​អារម្មណ៍ ​លោក ក៏​បាន​អនុញ្ញាត ឲ្យ​លោក​​ថត ខារ៉ាអូខេ សាក​ល្បង។
លោក​ថា លោក​ចង់​សាក​ការងារ​​ជា​អ្នក​សិល្បៈ​នេះ ព្រោះ​នៅ​ប្រទេស​បារាំង មិន​ងាយ​ នឹង​មាន​ឱកាស បាន​ថត​បែប​នេះ ក៏​សម្រេច​សាកល្បង​លមើល។ ដោយ​​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ដឹកនាំ​វិស័យ​សិល្បៈ​កាន់​តែ​ច្រើន​ទៅៗ និង​ឱកាស​ចេះ​តែ​ហុច​ឲ្យ​ផង​នោះ លោកSullivan Eav ចាប់​​ផ្ដើម​ដណ្ដើម​ទីផ្សារ​សិល្បៈ​ជា​បណ្ដើរៗ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ។
បច្ចុប្បន្ន​តារា​សម្ដែង​កូន​ខ្មែរ​កាត់​អ៊ីតាលី​រូប​នេះ បាន​មាន​មុខ​ក្នុង​ការ​សម្ដែង ខារ៉ាអូខេ និង​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ច្រើន។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ថ្មីៗ​នេះ​លោក​ទើប​តែ​ក្ដាប់​បាន​តំណែង​តួឯក ក្នុង​ខ្សែភាពយន្ត​មួយ ដែល​មាន​ឈ្មោះ​ថា “ស្រមោល​គ្រោះ”។ ក្នុង​សាច់​រឿង​មួយ​នេះ មាន​តួឯក​រហូត​ដល់​ទៅ៣គួ មាន​ កញ្ញា ម៉ាក់ សែន​សូនីតា កញ្ញា ព្រះកាយ ចន្ទ័ កញ្ញា នៅ សូនីតា លោក​ អេឡិច ច័ន្ទត្រា លោក អ៊ុន សុធា និង រូប​លោក ហើយ​គ្រោង​ចាក់​បញ្ចាំង​នៅ ថ្ងៃទី២៤ ខាង​មុខ​នេះ។




លោកSullivan Eav ប្រាប់​ថា លោក​មាន​ការ​ពិបាក​ខ្លះ​ក្នុង​ការ​សម្ដែង​សិល្បៈ ព្រោះ​លោក​មិន​សូវ​និយាយ​ភាសា​ខ្មែរ​ច្បាស់។ អ្វី​ដែល​ពិសេស​​ជាង​នេះ​ទៅ​ទៀត​នោះ លោក​មិន​មាន​ពេល​គ្រប់គ្រាន់ ក្នុង​ការ​​ថត ព្រោះ​​ការ​ថត​មួយ​ចំនួន​​​កន្លង​មក​ត្រូវ​បាន​ធ្វើ​​ឡើង​នៅ​ពេល​យប់ ហើយ​ចំ​ពេល​ដែល​លោក​​ធ្វើ​ការ​នៅ​ក្លឹប​រាត្រី។
លោក​ប្រាប់​បន្ថែម​ទៀត​ថា ក្រោយ​ពី​បាន​ប្រលូក​សិល្បៈ​មួយ​រយៈ​ លោក​ពិត​ជា​ស្រលាញ់​ការងារ​មួយ​នេះ​​ណាស់ ហើយ​លោក​មាន​បំណង​​ចាប់​យក​អាជីព​មួយ​នេះ​ទៀត​ ប៉ុន្តែ​ប្រសិន​ការ​ថត​ណា ទាក់ទង​នឹង​ពេល​យប់​នោះ គឺ​លោក ត្រូវ​ពិចារណា​សិន។ លោក​បាន​ប្រាប់​ជា​ចុង​ក្រោយ​ថា លោក​នឹង​បន្ត​រស់​នៅ ក្នុង​ប្រទេស​កម្ពុជា មិន​ទៅ​រស់​នៅ ប្រទេស​បារាំង​វិញ​នោះ​ឡើយ៕

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,