Friday, January 3, 2014


ស្ថានីយ​ទូរទស្សន៍​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ ៥ បាន​ចាប់​ផ្ដើម​ចាក់​ផ្សាយ​ភាពយន្ត​ភាគ​របស់​ថៃ​ជា​ថ្មី​នៅ​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ ខណៈ​ដែល​ស្ថានីយ​ដទៃ​ទៀត​កំពុង​តែ​ពេញ​និយម​ភាពយន្ត​ចិន ឬ​កូរ៉េ​នោះ។
“ក្បូន​ជីវិត” ជា​ភាពយន្ត​ដែល​ស្ថានីយ​ខាង​លើ​កំពុង​ចាក់​ផ្សាយ​ជា​រៀងរាល់​ល្ងាច​ដោយ​ទទួល​បាន​ការ​ពេញ​និយម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទៀតផង។ នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ សម្រាប់​បណ្ដា​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ធ្លាប់​បាន​ក្លាយ​ជា​ទី​ពេញ​និយម​បំផុត​ក្នុង​ស្រទាប់​មហាជន​ខ្មែរ​នៅ​អំឡុង​ទសវត្ស​ ១៩៩០។




ការ​ហូរ​ចូល​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ នៃ​ភាពយន្ត​បរទេស​ពេល​នោះ ជា​ដើម​ចម​នាំ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​ត្រូវ​សន្លប់​ស្ដូក​ស្ដឹង ដោយ​ផលិតករ​ទាំង​អស់ ហាក់​ដូច​ជា​សោះ​អង្គើយ​លើ​ការ​បង្កើត​ភាពយន្ត​ខ្លួនឯង ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ក្នុង​ស្រុក។ ចំណែក​ស្ថានីយ​ទូរទស្សន៍​នានា​ក៏​មិន​បាន​ផលិត​ភាពយន្ត​ដើម្បី​ចាក់​ផ្សាយ​ផ្ទាល់​ខ្លួន​នោះ​ឡើយ ដោយ​រង់​ចាំ​ខ្ចី​ដង្ហើម​គេ​ដក​ប៉ុណ្ណោះ និង​ស្វែង​រក​ពាណិជ្ជកម្ម​ទ្រទ្រង់​ការ​ផ្សាយ។
កាល​ពី​ថ្ងៃ​ទី ​២៨ ​ខែ​មករា​ ឆ្នាំ​ ២០០៣ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ចាក់​ផ្សាយ គ្រប់​ភាពយន្ត​របស់​ថៃ​នៅ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។
អន្តរ​កាល​នេះ បាន​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ក្នុង​ស្រុក​ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ ដោយ​មាន​ផលិតករ​ភាគ​ច្រើន​ងាក​មក​ថត​ភាពយន្ត​ផ្ទាល់​ខ្លួន​វិញ ដើម្បី​ប្រជែង​ជាមួយ​ភាពយន្ត​របស់​កូរ៉េ ចិន ហុងកុង ឬ​ឥណ្ឌា​ជា​ដើម។ ហើយ​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជា​លំដាប់ និង​មាន​ផលិតករ​កាន់​តែ​ច្រើន។
នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា តើ​ការ​ចាក់​ផ្សាយ​ភាពយន្ត​ថៃ​ជា​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​ខាង​លើ​បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល ឬ​ក្រសួង​មន្ទីរ​ដែល​ពាក់ព័ន្ធ​យ៉ាង​ណា​នោះ។ មហាជន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ជា​ទូទៅ ប្រហែល​ជា​មិន​យូរ​ទេ នឹង​មាន​ការ​ហូរ​ចូល​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ដូច​ពី​មុន ដែល​អាច​ជា​ឧបសគ្គ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ភាពយន្ត​ខ្មែរ​មិន​ខាន។
ប៉ុន្តែ​បើ​យោង​តាម​ឯក​ឧត្ដម ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ នៃ​ក្រសួង​វប្បធម៌ ​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​មាន​ផែនការ​ជា​ច្រើន​ដើម្បី​អភិវឌ្ឍ​វិស័យ​ភាពយន្ត​ខ្មែរ។ ក្រសួង​មាន​គម្រោង​បង្កើត​ព្រឹត្តិការណ៍​មួយ​ចំនួន​ដើម្បី​បណ្ដុះបណ្ដាល​ជំនាញ​ភាពយន្ត​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ដោយ​អញ្ជើញ​អ្នក​ជំនាញ​ភាពយន្ត​មក​ចែក​រំលែក​បទ​ពិសោធន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​ពូក​គេ​មាន​សមត្ថភាព​អាច​ប្រកួត​ប្រជែង​បាន៕


ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,