Thursday, March 20, 2014

ផលិតកម្ម​ថ្មី​មួយ​ក្នុង​ស្រុក មាន​ឈ្មោះ​ថា “Spider” បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ចាប់​ផ្តើម​ថត​រឿង​ដំបូង​របស់​ខ្លួន​នៅ​ព្រឹក​មិញ​នេះ នៅ​វត្ត​ជន្លង់​ម្លូ​ខាង​លិច​ពោចិនតុង។
រឿង​នោះ​មាន​ចំណង​ជើង​ថា “កំណប់​បះ​សក់” ជា​ប្រភេទ​រឿង​ខ្មោច បែប​កំប្លែង​សើច​សប្បាយ ផ្តល់​ការ​អប់រំ។ ភាពយន្ត​ដំបូង​របស់​ផលិត​កម្ម “Spider” នេះ ចូល​រួម​សម្ដែង​ដោយ កញ្ញា សៀក សរុណា លោក ស៊ឹម សុរ៉ាមភូមិ លោក ពីម័យ លោក បុត្រ រំដួល​រង្សី រួម​ជាមួយ​តារា​កិត្តិយស​ជា​ច្រើន​ទៀត ដែល​ភាគ​ច្រើន​ជា​តារា​ថ្មី។

ហេតុ​ផល​នេះ លោក សន ចាន់​តារា​រិទ្ធ ជា​អ្នក​ដឹក​នាំ​ការ​ថត​ភាពយន្ត​ខាង​លើ បាន​បញ្ជាក់​ថា លោក​ចង់​ផ្តល់​ភាព​ខុស​ប្លែក​ដល់​ទស្សនិកជន តាំង​ពី​តួ​សម្ដែង រហូត​ដល់​សាច់​រឿង​តែ​ម្តង។ “ខ្ញុំ​គិត​ថា ការ​ប្រើ​តួ​ដដែលៗ គឺ​សុំា​ភ្នែក​ណាស់​សម្រាប់​ទស្សនិកជន ម្យ៉ាង​ខ្ញុំ​គិត​ថា​ឲ្យ​តែ​រឿង​យើង​ធ្វើ​បាន​ល្អ​ទៅ​ គឺ​បាន​ហើយ!”។ លោក តារារិទ្ធ​បញ្ជាក់។
លោក អូន ទូច ដែល​ជា​ចាងហ្វាង​ផលិតកម្ម “Spider” ក៏​បាន​បញ្ជាក់​ដែរ​ថា ធ្វើ​រឿង​នេះ គឺ​លោក និង​ក្រុម​ការងារ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត ចំពោះ​គុណភាព ក៏​ដូច​ជា​ខ្លឹម​សារ​រឿង ព្រោះ​វា​ជា​សមិទ្ធផល​ដំបូង​របស់​ផលិតកម្ម​របស់​លោក។ លោក ថ្លែង​ថា “យើង​ធ្វើ​តាម​ដំណើរ​អត់​បង្ខំ​ទេ ធ្វើ​យ៉ាង​ណា​ឲ្យ​ល្អ​តែ​ម្តង យើង​គ្រោង​បញ្ចាំង​ជូន​ទស្សនា​នៅ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ!​ឯណោះ”។
វិល​មក​ខ្លឹម​សារ​រឿង “កំណប់​បះ​សក់” វិញ លោក សន ចាន់តារារិទ្ធ “ខ្មោច​លក់​ព្រលឹង” “ទាយាទ​អាសិរពិស” បាន​សង្ខេប​ប្រាប់​ថា ដំណើរ​រឿង​បាន​កើត​ចេញ​ពី​ផែន​ទី​មួយ ដែល​ម្តាយ​តួ​ប្រុស​រើស​បាន ហើយ​យក​មក​ទុក​ក្នុង​កេស​លើ​ផ្ទះ ឯ​កូន​ប្រុស​អត់​ដឹង​រឿង​គិត​ថា​ជា​ផែន​ទី​កំណប់ ក៏​លួច​យក ហើយ​បាន​ទៅ​បោក​តួ​ប្រុស​លោក ស៊ឹម សុរ៉ាមភូមិ ឲ្យ​មក​ជួយ​រក​កំណប់​ដែល​ស្ថិត​លើ​ដី​របស់ សុរ៉ាមភូមិ។
លោក​បន្ថែម​ថា នៅ​លើ​ដី​នេះ មាន​ខ្មោច​ស្រី​ម្នាក់​នៅ​មើល​ថែ​កំណប់​នោះ ដូច្នេះ​ក្រុម​អ្នក​រក​កំណប់​ទោះ​រក​យ៉ាង​ណា​ក៏​រក​មិន​ឃើញ​ដែរ។ ជាមួយ​គ្នា​នោះ ខ្មោច​ស្រី​ខាង​លើ បាន​ចេញ​លង បង្កើត​ឲ្យ​មាន​ឈុត​ឆាក​កំប្លែង​ជា​ច្រើន។ លោក ថា “គ្រប់​គ្នា​មាន​ការ​ភ័ន្ត​ច្រឡំ​ចំពោះ​ផែន​ទី​កំណប់​នេះ ប៉ុន្តែ​ខ្ញុំ​ទុក​បក​ស្រាយ​នៅ​ចុង​បញ្ចប់​នៃ​សាច់​រឿង​ទៅ​ចុះ”។
កញ្ញា សៀក សរុណា លោក ស៊ឹម សុរ៉ាម​ភូមិ លោក បុត្រ រំដួល​រង្សី និង​លោក ពីម័យ ដែល​សុទ្ធ​ជា​តួអង្គ​ធំ​ក្នុង​រឿង ស្នើ​ឲ្យ​ទស្សនិកជន​ចូល​រួម​គាំទ្រ​ផង ហើយ​ថា ពួក​គេ​នឹង​ប្រឹង​ប្រែង​សម្ដែង​ឲ្យ​អស់​លទ្ធភាព៕

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,