នេះ​ជា​លើក​ទីពីរ​ហើយ​ ដែល​​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​នៃ​ប្រទេស​ទួរគី​​បាន​រៀបចំ​កម្មវិធី Turkish Film ​Festival 2014 ​នៅ​ទីក្រុង​ភ្នំពេញ។​​ ក្នុង​កម្មវីធី​នេះ ​ក្រសួង​វប្បធម៌​ និង​ទេសចរណ៍​​ នៃ​ប្រទេស​ទួរគី​ បាន​នាំ​មក​នូវ​រឿង​ចំនួន​​ ៥ គឺ​ “MY FATHER AND SON” “LOSER’S CLUB” “BLISS”​ “CELAL AND CEREN” និង ​​“BUTTERFLY’S DREAM”​ ដែល​សុទ្ធ​តែ​ជា​រឿង​ដែល​ទទួល​បាន​ពានរង្វាន់​ និង​ទទួល​ការ​​ចាប់​​អារម្មណ៍​ច្រើន​បំផុត​នៅ​ប្រទេស​ទួរគី​ក្នុង​ឆ្នាំ​២០១៤​នេះ។
​រឿង​ទាំង​​នោះ​ មាន​ទាំង ​រឿង​លក្ខណៈ​វាយប្រហារ​ ស្នេហា​រ៉ូមែនទិក ​កំប្លែង​ ដែល​ដឹកនាំ​ដោយ​អ្នក​ដឹកនាំ​រឿង​ល្បីៗ​របស់​ទួរគី​ ជា​ពិសេស​ គឺ​អ្នក​ដឹកនាំ​រឿង​ជនជាតិ​ទួរគី​​ដ៏​ល្បី​ល្បាញ​បំផុត​គឺ​លោក​  Çagan Irmak ​ក្នុង​រឿង​ “My Father and Son”។​

Turkish Film ​Festival 2014 ​នៅ​ទីក្រុង​ភ្នំពេញ​នេះ​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ២១ ​ដល់​ ២៣​ ខែ​​មិនា​ ២០១៤ ​វេលា​ម៉ោង​ ៤​និង​៣៥នាទី​ល្ងាច​ រយៈ​ពេល​៣ថ្ងៃ ​នៅ​រោងភាពយន្ត​ ផ្លាទីនៀម​ ផ្សារ​ទំនើប​សូរិយា​ជាន់​ទី​ ៥។ ​លោក​ Ugur YILDIZ ​​​តំណាង​ក្រសួង​វប្បធម៌​ និង ​ទេសចរណ៍​ នៃ​ប្រទេស​ទួរគី​បាន​មាន​ប្រសាសន៍​ថា​ ទំនាក់ទំនង​តាមរយៈ​វប្បធម៌​ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​អោយ​ប្រទេស​​ទាំង​ពីរ​និង​ ប្រជាជន​​​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​ឡើង។​
លោក Ugur​ បាន​បន្ថែម​ទៀត​ថា​ ការ​រៀបចំ​នេះ​ ក្នុង​គោល​បំណង​រឹត​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​ ហើយ​ក៏​អាច​ចែក​រំលែក​វប្បធម៌ ​បច្ចេកទេស ​និង​របៀប​រស់នៅ​ តាមរយៈ​វិស័យ​ភាពយន្ត​ផង​ដែរ។​ ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ទួរគី​នៅ​ឆ្ងាយ​ពី​គ្នា​រាប់ពាន់​គីឡូម៉ែត្រ ​តែ​ប្រជាជន​ និង​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ​ គឺ​នៅ​ជិត​គ្នា​តាមរយៈ​ចាក់​បញ្ចាំង​ភាពយន្ត​នេះ។
ការ​ចាក់​បញ្ចាំង ​រយៈ​ពេល ៣ថ្ងៃ​នេះ ​គឺ​ឥត​គិត​ថ្លៃ​សម្រាប់​ប្រជាជន​ និង​យុវវ័យ​កម្ពុជា​ទាំងអស់​ ដូច្នេះ​លោក​អ្នក​​អាច​ចូល​ទស្សនា​ដោយ​សេរី ​ដើម្បី​ស្វែងយល់​ពី​វិស័យ​ភាពយន្ត​របស់​ប្រទេស​ទួរគី ​និង​​​ផ្លាស់​ប្ដូរ​វប្បធម៌​រវាង​​ប្រទេស​ទាំង​ពីរ​ទៀត​ផង។​ កម្មវិធី​នេះ​​មាន​តែ​នៅ​រោង​ភាពយន្ត​ ផ្លាទីនៀម​ស៊ីណេផ្លិច ​ផ្សារ​ទំនើប​សូរិយា​ជាន់​ទី​ ៥​ ​មួយ​​ប៉ុណ្ណោះ។​ សូម​មើល​កម្មវិធី​ចាក់​បញ្ចាំង​ខាង​ក្រោម៖
21/03/14 រឿង:​ MY FATHER AND SON – 108 Min (6:30pm)
22/03/14​ រឿង: LOSER’S CLUB – 105 Min (4:30pm)
BLISS – ​105 Min (6:30)
23/03/14 ​រឿង​: CELAL AND CEREN​ – 114 Min (4:00pm)
BUTTERFLY’S DREAM –​ 138 Min (6:00pm)