Tuesday, December 24, 2013

កីឡាករ​ Luis Suarez ​ក្លាយ​ជា​កីឡាករ​មាន​ប្រាក់​ខែ​ច្រើន​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​រយៈ​ពេល​១២១​ឆ្នាំ​របស់​ក្លិប​ហង្ស​ក្រហម​ Liverpool គឺ​១៧​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ស្មើ​នឹង​២៨​ម៉ឺន​ដុល្លារ​អាមេរិក​ បន្ទាប់​ពី​បន្ត​កិច្ចសន្យា​ថ្មី​នៅ Anfield រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០១៨។ ថ្លៃ​នឿយហត់​ប្រចាំ​សប្ដាហ៍​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​វ័យ​២៦​ឆ្នាំ​រូប​នេះ​អាច​នឹង​កើន​ដល់​២០​ម៉ឺន​ផោន​ (៣២​ម៉ឺន​ដុល្លារ​អាមេរិក) នា​ពេល​ខាង​មុខ ដែល​ចូល​ក្នុង​លំដាប់​កីឡាករ​ប្រាក់ខែ​ខ្ពស់​នៅ​ Barclays Premier League ដូច​ជា Wayne Rooney របស់​ក្រុម​បិសាច​ក្រហម Manchester United, Sergio Aguero ​និង Yaya Toure ​របស់​ក្រុម​មេឃ​ខៀវ​ Manchester City ​ជាដើម។
អតីត​សមាជិក​ក្លិប​ Nacional, Groningen និង Ajax ​ដែល​ផ្លាស់​មក​លេង​ឱ្យ​ក្រុម​ហង្ស​ក្រហម​តាំង​ពី​ខែ​មករា​ឆ្នាំ​២០១១​ បញ្ចេញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ព្រមព្រៀង​លើ​កិច្ចសន្យា​ថ្មី​ជាមួយ​ Liverpool ​ធ្វើ​ឱ្យ​អនាគត​របស់​ខ្ញុំ​មាន​ភាព​ច្បាស់លាស់​ក្នុង​រយៈ​ពេល​វែង។ យើង​មាន​កីឡាករ​ឆ្នើម​ៗ​មួយ​ចំនួន ​ហើយ​ក្រុម​កំពុង​ដើរ​ទៅ​មុខ​និង​រីកចម្រើន​រាល់​វិនាទី។ ខ្ញុំ​ជឿជាក់​ថា​ខ្ញុំ​មាន​សមត្ថភាព​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ពាន​រង្វាន់​បាន។ ពិត​ណាស់ ​ការ​លើក​ទឹកចិត្ត​របស់​អ្នក​គាំទ្រ​រួម​ចំណែក​នាំ​ឱ្យ​ខ្ញុំ​សម្រេច​ចិត្ត​បន្ត​នៅ​ទីនេះ។ ខ្ញុំ​នឹង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​រាល់​ការ​ប្រកួត​ដើម្បី​តប​ស្នង​ពួក​គេ”។ជាមួយ​គ្នា​នេះ​ដែរ លោក Brendan Rodgers អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម​និយាយ​ថា​៖ “នេះ​ជា​ដំណឹង​ដ៏​រំភើប​សម្រាប់​គ្រប់គ្នា​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្លិប ​ក្រុម ​ម្ចាស់​ក្លិប​ និង​ជា​ពិសេស​អ្នក​គាំទ្រ។ Luis គឺ​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​លំដាប់​ពិភពលោក ខ្ញុំ​ពិត​ជា​រីករាយ​ដែល​គេ​បន្ត​រួមរស់​ជាមួយ​យើង។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​គេ​ទើប​មាន​អាយុ​២៦​ឆ្នាំ​ប៉ុណ្ណោះ ​ហើយ​​គេ​នឹង​ផ្ដល់​ឱ្យ​យើង​នូវ​ទម្រង់​លេង​កម្រិត​កំពូល​របស់​គេ​ជា​ច្រើន​ឆ្នាំ​ទៀត”។​
ជយលាភី​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​​២០១៣​របស់​​អ្នក​គាំទ្រ​បាល់ទាត់​ក្នុង​ប្រទេស​អង់គ្លេស​រូប​នេះ​​រក​គ្រាប់​បាល់​ឱ្យ Liverpool ​នៅ Premier League បាន​១៧​គ្រាប់​ហើយ​ក្នុង​ការ​ចូល​លេង​​​១២​លើក​មក​នេះ៕​ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,