Tuesday, December 24, 2013

ក្រុម​ជម្រើស​ជាតិ​វ៉ូវីណាម​របស់​កម្ពុជា បាន​ប្រជែង​យក​មេដាយ​ ១០ គ្រឿង​មក​ពី​ស៊ីហ្គេម​លើក​ទី ២៧​ ដោយ​ទើប​នឹង​បញ្ចប់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​អះអាង​ថា ក្រុម​ខ្លួន​ជោគជ័យ ៨០% បើ​ធៀប​នឹង​ស៊ីហ្គេម​ឆ្នាំ​២០១១ នៅ​ប្រទេស​​ឥណ្ឌូណេស៊ី។
កីឡា​ការិនី​ម្ចាស់​មេដាយ​​មាស ២ ជំនាន់​ ប៉ាល់ ឆរស្មី បាន​ប្រាប់​សារព័ត៌មាន​ក្រោយ​ចុះ​ពី​យន្តហោះ​នៅ​​ម៉ោង ១០ : ៣០ នាទី​យប់​មិញ​ថា​៖ “ប្រកួត​នៅ​ឆ្នាំ​នេះ​ពិបាក​ជាង​ឆ្នាំ​មុន​ ​ព្រោះ​មាន​ថែម​សមាជិក​ថ្មី ណាមួយ​ប្រទេស​នីមួយៗ​ គេ​ក៏​ត្រៀម​ខ្លួន​បាន​ល្អ​ដែរ។ ពេល​ឡើង​​ប្រកួត​ម្ដងៗ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ភ័យ”។ ដំណាល​គ្នា​នោះ​ លោក ទេព ជីវសុខុម គ្រូ​បង្វឹក​ក្រុម​វ៉ូវីណាម​​​ជម្រើស​ជាតិ​កម្ពុជា​​បាន​​លើក​ឡើង​ថា​៖ “យើង​ពិបាក​ជាង​​កាល​នៅ​ឥណ្ឌូណេស៊ី​​បន្តិច​ ព្រោះ​កាល​នោះ​មាន​គ្នា​តិច តែ​ឥឡូវ​គ្នា​ច្រើន ណាមួយ​ម្ចាស់​ផ្ទះ​ទាមទារ​ខ្លាំង​ពេក។ ចំពោះ​លើក​​នេះ​យើង​ ​ទទួល​ជោគជ័យ​បាន ៨០ % ព្រោះ​​អាច​រក្សា​មេដាយ​មាស ២ ដដែល ដោយ​ធ្លាក់​មេដាយ​​ប្រាក់ តែ​កើន​​មេដាយ​សំរឹទ្ធ”។ ងាក​ទៅ​មើល​ស៊ីហ្គេម​ឆ្នាំ​២០១១ កន្លង​ទៅ​ កីឡករ​​វ៉ូវីណាម​របស់​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស ២ គ្រឿង ប្រាក់ ៧ និង សំរឹទ្ធ ៣ សរុប​ទាំង​អស់ ១២ គ្រឿង។
ចំណែក​លោក វ៉ាត់ ចំរើន នាយ​បេសកម្ម​ដឹកនាំ​ប្រតិភូ​កីឡា​កម្ពុជា​ទៅ​ប្រកួត​​ស៊ីហ្គេម​ឆ្នាំ​២០១៣ នេះ​បាន​បន្ថែម​ជុំ​វិញ​មេដាយ​ដែល​កម្ពុជា​ដណ្ដើម​បាន​ថា៖ ” កម្ពុជា​ឈ្នះ​ចំនួនមេដាយ​មាស ៨ វិញ្ញាសា ប្រាក់​ ១១ វិញ្ញាសា និង សំរឹទ្ធ ២៩ វិញ្ញាសា ស្មើ​នឹង​ចំនួន​មេដាយ​មាស ១៤ ប្រាក់ ២៩ និង សំរឹទ្ធ ៩២ គ្រឿង​ ទាំង​អស់ ១៣៥ គ្រឿង។ បើ​ធៀប​នឹង​ឆ្នាំ​២០១១ កើន​ឡើង ៥០% ហើយ​យើង​បាន​សម្រេច​គម្រោង​ដែល​ចង់​បាន​មេដាយ​មាស ១០ គ្រឿង ផង​ដែរ”។ លោក​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏​បាន​​ថ្លែង​អរគុណ​​ដល់​សហព័ន្ធ​នីមួយៗ និង កីឡាករ​ទាំង​អស់​​ដែល​បាន​​ប្រកួត​អស់​ពី​​​សមត្ថភាព​​​ រួម​ទាំង​អរគុណ​ដល់​ប្រជាជន​ដែល​តាម​ដាន​​ពី​លទ្ធផល​របស់​កីឡាករ​កម្ពុជា និង អរគុណ​ដល់​​ថ្នាក់​ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ ក៏ដូចជា ក្រុមហ៊ុន ​ដែល​បាន​ជួយ​​លើក​ទឹក​ចិត្ត​ និង ឧបត្ថម្ភ​ដល់​កីឡាករ​កម្ពុជា ហើយ​ជយលាភី​ទាំង​អស់​នេះ​​គឺ​ជា​​របស់​​ប្រជាជន​កម្ពុជា៕ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,