Sunday, February 22, 2015



នៅក្នុងពិភពសិល្បៈខ្មែរ ពិតជាកម្រណាស់ ដែលមានតារាចម្រៀងល្បី ដូចយ៉ាងកញ្ញា មាស សុខសោភា ចេញមុខមកគាំទ្រលោក អាឡិចហ្សង់ដ្រូ សកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ ដែលរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងដោយលោក ហ៊ុន សែន ខិតខំព្យាយាមបណ្ដេញចេញ ឲ្យខាងតែបានពីប្រទេសនោះ។
ប្រសិនបើតារាចម្រៀង ឬតារាសម្ដែង ល្បីឈ្មោះក្នុងប្រទេសជាច្រើន ដូចជាមិនខ្វាយខ្វាល់ ឬមិនហ៊ាន​ចេញ​មុខ ពីបញ្ហាបរិស្ថានជាតិ និងធ្វើមិនដឹងមិនលឺ នៅចំពោះការប៉ងបណ្ដេញ សកម្មជនការពារ​ធន​ធាន​ធម្មជាតិ​តំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ចេញពី​ប្រទេស​កម្ពុជា ពីសំណាក់រដ្ឋាភិបាលកម្ពុជានោះ ប៉ុន្តែសម្រាប់តារាចម្រៀង កញ្ញា មាស សុខសោភា វិញ បានចេញមុខគាំទ្រលោក អាឡិច និងផ្ដល់ក្ដីសង្ឃឹមថា លោក អាឡិច គួរតែរស់នៅ ក្នុងព្រះរាជាណាចក្រ បាន​ត​ទៅ​ទៀត។
នៅលើទំព័រហ្វេស​ប៊ុកផ្លូវការរបស់នាង តារាចម្រៀងបានចុះផ្សាយ រូបថតមួយសន្លឹករបស់នាង ដោយមានអម​ដោយពាក្យពេជ្រខ្លីៗមួយចំនួន សរសេរជាភាសាអង់គ្លេស ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូម​ធ្វើ​ការ​បក​ប្រែ​ក្រៅ​ផ្លូវការ​ មានន័យថា៖ «អរគុណ អាឡិច»។ តារាចម្រៀង មាស សុខសោភា ដែលជា​សកម្មជន​ការពារ​ព្រៃឈើម្នាក់ដែររូបនេះ បានសរសេរទៀតថា៖ «សង្ឃឹមយ៉ាងមុតមាំថា អ្នក (អាឡិច) នឹងរស់នៅក្នុង រាជាណា​ចក្រ​របស់យើង ជានិច្ច​តទៅ»។រូបថតរបស់នាង ដែលទើបនឹងត្រូវបានបង្ហោះផ្សាយ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នេះ ត្រូវបានប្រិយមិត្ត អ្នកប្រើប្រាស់ហ្វេសប៊ុក ជាច្រើនចុច Share និង Like យ៉ាងសន្ធឹកសន្ធាប់ បើគិតមកត្រឹម​យប់ថ្ងៃដដែល រាប់សិបម៉ឺន Like។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចមិនបន្តទិដ្ឋាការ ឲ្យលោក អាឡិច ទេ ដោយចាត់ទុក​សកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ ដែលជាអនុប្រធាន អង្គការចលនាមាតាធម្មជាតិរូបនេះ ថាបានប្រព្រឹត្តខុស ​ទៅ​នឹង​លក្ខន្តិកៈរបស់អង្គការ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំង ការគ្រប់គ្រង​រដ្ឋបាល​សាធារណៈ របស់​អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជន ឱ្យចូលរួមបិទផ្លូវសាធារណៈ មិនឱ្យ​ក្រុមការងារ ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ នៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុកថ្មបាំង។ នេះបើ​តាម​លិខិតជាផ្លូវការមួយ ផ្ញើរតបទៅលោក សម រង្ស៊ី ប្រធានតំណាងរាស្ត្រភាគតិច ក្នុងរដ្ឋសភា និងជាប្រធាន​គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។
កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏បានចេញលិខិតជា​ផ្លូវ​ការ​មួយ ជូនដំណឹងទៅលោក អាឡិច «ជ្រាប និងអនុវត្ត» នូវការផុតកំណត់នៃទិដ្ឋាការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ មកនេះ ដោយបញ្ជាក់ទៀតថា សមត្ថកិច្ចកម្ពុជា មិនអាចពន្យារការស្នាក់នៅបន្តទៀតឡើយ។ តែ​នៅ​ក្នុងលិខិតនោះ គេមិនដឹងថា តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចង់ឲ្យលោក អាឡិច អនុវត្តន៍ពីអ្វី?
ការសម្រេចបណ្ដេញចេញក្រៅប្រទេស នូវសកម្មជនបរិស្ថានរូបនេះ បង្កឲ្យមានប្រតិកម្មយ៉ាងផុលផុស ពី​ពលរដ្ឋ​កម្ពុជា​ជាច្រើន ជាពិសេសក្រុមអ្នកស្រឡាញ់បរិស្ថាន និងយុវជន។ ហើយបើគេគ្រាន់តែសង្កេត ទៅ​មើលប្រិយមិត្ត ដែលមិនបានភ្លេចសរសេរ ជាមតិយោបល់របស់ពួកគេ នៅជាមួយរូបថត កញ្ញា មាស សុខសោភា ខាងលើនេះ ក៏គេ​អាចយល់បាន ពីសន្ទុះនៃការគាំទ្រលោក អាឡិច ដែរ។ ពីក្នុងចំណោមមតិយោបល់ ដែល​អ្នក​និពន្ធអត្ថបទ​នេះ បានចូលទៅរាប់មានចំនួន ១៨៩ មតិនោះ មិនមានមតិយោបល់សូម្បីតែមួយ ដែលមាន​លក្ខណៈអវិជ្ជមាន ប្រឆាំងនឹងការលើកឡើង របស់កញ្ញា មាស សុខសោភា នោះទេ៕

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​អ្នកជួញដូរ​គ្រឿងញៀន​ធំ​ឈ្មោះ ថាវ ថា​វី ហៅ ឡុង រ៉ាវី ដែល​លោក អាំង មាលតី បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នាពេល​កន្លងមក នៅ​ថ្ងៃទី​២១ កុម្ភៈ នេះ តុលាការ​បានចេញ​ដីកា​ជាថ្មី ដោយ​សម្រេច​ឃុំខ្លួន​វិញ​។​

​សូមបញ្ជាក់ថា ជនសង្ស័យ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ឈ្មោះ ថាវ ថា​វី ត្រូវបាន​សម​ត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ធ្វើការ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​២០ កុម្ភៈ ក្រោម​ការដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ត្រី តី វិសាល​។​

​ទាក់ទង​នឹង​ជនសង្ស័យ ថាវ ថា​វី ហៅ​ឡុង រ៉ាវី នោះ កាលពី​ព្រឹក​ថ្ងៃទី​២០ កុម្ភៈ គេ​ក៏បាន​រកឃើញ​រថយន្ត​ម៉ាក​អូ​ឌី​១​គ្រឿង​ដែលជា​របស់​រូបនេះ និង​ជា​វត្ថុតាង​ត្រូវ​ដកហូត​ពីបទ​ល្មើស​ជួញដូរ​គ្រឿងញៀន ដែល​ត្រូវ​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​យកទៅ​ឲ្យ​កូនប្រសា​ជិះ​នោះ ត្រូវគេ​យកមក​ទុកចោល​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ​៕​



តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,