វណ្ណកម្មថ្មីមួយទៀតរបស់ផលិតកម្ម Rock បានសម្ពោធដាក់បញ្ចាំងព្រឹកនេះ គឺរឿង “ពូជខ្ញុំអីចឹង!” ដែលចូលរួមសម្ដែងដោយតារាល្បីៗក្នុងប្រទេសកម្ពុជា។
ដូចអ្វីដែលចំណងជើងបានដាក់គឺថារឿង “ពូជខ្ញុំអីចឹង!” បង្ហាញពីការរស់នៅក្នុងសង្គមកម្ពុជានៃគ្រួសារនីមួយៗ ដែលប្រកាន់គោលជំហរទៅតាមទំនៀមទម្លាប់របស់ពួកគេរៀងៗខ្លួនមិនផ្លាស់ប្ដូរនោះទេ។
ថ្នាក់ដឹកនាំផលិតកម្ម Rock និងតារាសម្ដែងក្នុងពិធីសម្ពោខ្សែភាពយន្តព្រឹកមិញ!
លោក ព្រហ្ម ច័ន្ទបូរ៉ា អ្នកដឹងនាំរឿងបានឱ្យដឹងថាខ្សែភាពយន្តខាងលើបង្កប់ន័យអប់រំច្រើននៅក្នុងសង្គមដូចជាការចេះអនាម័យនៅក្នុងការហូបចុក និងរបៀបនៃការរស់ផ្សេងគ្នារបស់ប្រជាជនខ្មែរ។ ម្យ៉ាងទៀតខ្សែភាពយន្តនេះបង្កប់នៅភាពកំប្លែងសើច តាំងពីដើមរហូតដល់ចប់”
លោកបញ្ជាក់ថា៖ “អ្នកបានទស្សនានៅពេលនេះដឹងស្រាប់ហើយ រឿង ពូជខ្ញុំអីចឹងគឺយើងបង្កប់សារអប់រំច្រើននៅក្នុងសង្គមឱ្យមនុស្សចេះអនាម័យក្នុងការរស់នៅ និងស្វែងយល់ពីការរស់នៅរបស់មនុស្សនៅជុំវិញខ្លួន”។
អ្នកដឹកនាំរឿងទើបតែចូលដឹកនាំរឿងលើកដំបូងរំពឹងខ្ពស់ថាខ្សែភាពជាស្នាដៃលើកទីមួយរបស់ខ្លួននឹងអាចទាក់ទាញការគាំទ្រពីទស្សនិកជនបានច្រើននៅពេលដាក់បញ្ចាំងនៅថ្ងៃខាងមុខ។ ម្យ៉ាងទៀតលោក ព្រហ្ម ច័ន្ទបូរ៉ា បញ្ជាក់ថាប្រសិនណាបើខ្សែភាពយន្តនេះទទួលបានការគាំទ្រច្រើនពីអ្នកទស្សនាលោកនឹងផលិតវគ្គពីរបន្តទៀត។
ជាមួយគ្នានេះដែរកញ្ញា Baby ដែលជាតួអង្គសំខាន់ម្នាក់នៅក្នុងសាច់រឿងប្រាប់ថានាងសប្បាយចិត្តនៅពេលបានចូលរួមសម្ដែងខ្សែភាពយន្តរឿង”ពូជខ្ញុំអីចឹង!”។ កញ្ញាបានរំពឹងខ្ពស់ខ្សែភាពយន្តដែលខ្លួនចូលរួមសម្ដែងលើកដំបូងនឹងទទួលបានការគាំទ្រពីមហាជនខ្មែរនៅពេលដាក់បញ្ចាំង។
តារាវ័យក្មេងរូបនេះនិយាយថា៖ “ដឹងស្រាប់ហើយតារាចូលរួមសម្ដែងសុទ្ធតែជាតារាកំប្លែងល្បីៗ ដូចនេះខ្ញុំគិតថាខ្សែភាពយន្តដែលខ្ញុំចូលសម្ដែងលើកទីមួយនេះនឹងទទួលបានប្រជាប្រិយភាពពេលដាក់បញ្ចាំង”។
ខ្សែភាពយន្តរឿង “ពូជខ្ញុំអីចឹង!” ជាខ្សែភាពយន្តដុំទីពីរហើយ របស់ផលិតកម្ម Rockបន្ទាប់ពីរឿង”ចាំតែខ្លាចតើ!” ដែលទទួលបានការគាំទ្រពីទស្សនិកជននាពេលកន្លងមក។ ការផលិតខ្សែភាពយន្តដុំរបស់ផលិតកម្ម Rock នេះបន្ទាប់ពីផលិតកម្មទទួលបានជោគជ័យនាពេលកន្លងមកក្នុងការផលិតខ្សែភាពយន្តភាគចាក់បញ្ចាំនៅតាមកញ្ចក់ទូរទស្សន៍៕
0 comments:
Post a Comment