តារាចម្រៀង Justin Bieber មានគម្រោងបើកហាងចាក់សាក់មួយ ក្នុងអំឡុងពេលដែលគេឈប់សម្រាកពីសិល្បៈ។ តារាចម្រៀងសម្បូរបញ្ហា រូបនេះកំពុងតែមានគម្រោងឈប់សម្រាកមួយរយៈពីសិល្បៈ និងរស់នៅកន្លែងមួយជាមួយឪពុករបស់គេ Jeremy ដើម្បីបើកហាងចាក់សាក់មួយ។
ប្រភពមួយបានប្រាប់សារព័ត៌មាន Radar Online ថា “Justin បានប្រាប់ម្ចាស់ផលិតកម្មរបស់គេថា គេត្រូវការសម្រាកមួយរយៈពីការផលិតបទចម្រៀង និងប្រគំតន្ត្រីទេសចរណ៍។ គម្រោងរយៈពេលខ្លីមួយរបស់គេគឺការបើកហាងចាក់សាក់មួយកន្លែងជាមួយឪពុករបស់គេ។ ពួកគេបាននិយាយរឿងនេះជាមួយគ្នាជាយូរមកហើយ។ គេមានក្ដីស្រមៃជាម្ចាស់មុខជំនួញជោគជ័យម្នាក់”។
សាក់នៅលើខ្លួន Justin Bieber
Justin ចូលចិត្តការសាក់ខ្លាំងមែនទែន ហើយនៅលើរាងកាយរបស់គេមានរួបសាក់ចំនួន ២០កន្លែង។
មិត្តរបស់តារាចម្រៀងរូបនេះនិយាយថា ការបើកមុខជំនួញថ្មីនឹងអាចផ្ដល់ពេលវេលាឲ្យតារារូបនេះអាចសម្រួលអារម្មណ៍ និងឈប់បង្កបញ្ហាតទៅទៀតបាន។ ប្រភពរូបនេះក៏បានបន្តទៀតថា “ក្រុមការងាររបស់ Justin បារម្ភខ្លាចតែគេនៅស្ងៀមមិនធ្វើអ្វី ហើយបន្តជប់លៀងជាមួយមិត្តភ័ក្ដិរបស់គេទៀត។ អ្នកគ្រប់គ្នាគោរពតាមការសម្រេចចិត្តរបស់ Justin ដែលចង់សម្រាក ប៉ុន្តែគេគួរតែមានគម្រោងអ្វីមួយ ដើម្បីកុំឲ្យអត់ការងារធ្វើហើយដើរបង្កបញ្ហាដូចមុនៗទៀត” ៕
ប្រភពពីhttp://news.sabay.com.kh/