Monday, December 23, 2013

ដោយ​សារ​តែ​មិន​ជឿ និង​មិន​ចាប់​អារម្មណ៍​លើ​អប្បិយជំនឿ​ខណៈ​ខ្លួន​កំពុង​ថត​រឿង​បុរាណ បាន​នាំ​លោក អ៊ុន សុទ្ធា ភ្លាត់​ជួប​គ្រោះ​ថ្នាក់​ក្នុង​ឈុត​សម្ដែង​មួយ​នៃ​រឿង “វិញ្ញាណ​លោក​ម្ចាស់​គ្រញូង”។ ហេតុ​ការណ៍​នេះ បាន​បណ្តាល​លោក អ៊ុន សុទ្ធា រង​គ្រោះ​ដាច់​សាច់​ប្រវែង​មួយ​ថ្នាំង​ដៃ​ដោយ​សារ​ត្រូវ​ហ្នឹង​ផ្លែ​ព្រួញ​ហូរ​ឈាម​ខ្លាំង ហើយ​ចុង​ក្រោយ​ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ការ​សម្ដែង​មួយ​រយៈ​ពេល​ខ្លី។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តួ​ឯក​ប្រុស​រូប​នេះ។
ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក សុទ្ធា បាន​រៀប​រាប់​ថា នៅ​ថ្ងៃ​មួយ​នោះ​លោក និង​ក្រុមការងារ​ត្រូវ​ថត​បញ្ចប់​ឈុត​ចុង​ក្រោយ​នៃ​រឿង ដែល​ជា​ឈុត​ឆាក​ប្រយុទ្ធ​គ្នា។ នៅ​មុន​ពេល​ចាប់​ផ្តើម​ថត អ្នក​មីង​​ជា​អ្នក​តុប​តែង​សំលៀក​បំពាក់​ឲ្យ​បាន​ក្រើន​រំលឹក លោក ថា​ថត​រឿង​បុរាណ​ពាក់​ព័ន្ធ​នឹង​ព្រលឹង​វិញ្ញាណ​អីចឹង គប្បី​អុជ​អូប​សុំ​ជា​ការ​ល្អ។ ប៉ុន្តែ​មិន​ជា​ចាប់​អារម្មណ៍ លោក​ក៏​អត់​អុជ ទើប​កើត​ជា​រឿង​តែ​ម្តង។ លោក អ៊ុន សុទ្ធា បន្ត​ថា ក្នុង​ឈុត​ហ្នឹង​សាច់​រឿង គឺ​លោក​តម្រូវ​ឲ្យ​ត្រូវ​ហ្នឹង​ផ្លែ​ព្រួញ​របស់​សត្រូវ​មែន ប៉ុន្តែ​តាម​បច្ចេកទេស គឺ​មិន​ចាំ​បាច់​ឲ្យ​ត្រូវ​មែន​ទែន​នោះ​ទេ គឺ​ឲ្យ​អ្នក​គប់​ព្រួញ គប់​បង្ខុស​ប៉ុណ្ណោះ តែ​នេះ គឺ​ត្រូវ​មែន​ទែន​តែ​ម្តង​រហូត​ដាច់​សាច់​ហូរ​ឈាម។ តារា​សម្ដែង​ខ្ពស់​ស្រឡះ​រូប​នេះ ថ្លែង​ថា “ពេល​ត្រូវ​ភ្លាម ខ្ញុំ​បាន​ស្តី​ទៅ​អ្នក​គប់​ថា មក​ពី​បង​អ្ហែង​គប់​ដៃ​ពីរ​បាន​របួស​អីចឹង តែ​អ្នក​គប់​ថា គាត់​គប់​តែ​ដៃ​មួយ​ទេ អ្នក​ផ្សេង​ទៀត​ក៏​ថា​អីចឹង​ដែរ និយាយ​ទៅ​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ដែល​ឃើញ​ថា គាត់​គប់​ដៃ​ពីរ ដល់​អីចឹង​ខ្ញុំ​លែង​ហ៊ាន​និយាយ​តែ​ម្តង!”។ ម្ចាស់​ពាន​អាណាចក្រ​តារា រូប​នេះ​បញ្ជាក់​បន្ថែម​ថា “ដល់​អីចឹង បាន​ខ្ញុំ​នឹក​ឃើញ​ដល់​សំដី​អ្នក​ស្រី​អ្នក​តុប​តែង​សំលៀក​បំពាក់ ហើយ​ខ្ញុំ​ក៏​ជឿ​ថា វា​ជា​រឿង​មិន​អាច​កាត់​ផ្តាច់​បាន​មែន!”។ ឈុត​ឆាក​វាយ​តប់​របស់​លោក អ៊ុន សុទ្ធា ត្រូវ​សម្រេច​ផ្អាក​ដោយ​សារ​ស្នាម​របួស​ហូរ​ឈាម​ខ្លាំង រហូត​ដល់​២​ថ្ងៃ​ក្រោយ​ទើប​អាច​ថត​បន្ត​ទៀត​បាន។
បើ​ទោះ​បច្ចេកវិទ្យា​មាន​ការ​វិវឌ្ឍ ប៉ុន្តែ​អប្បិយជំនឿ​នៅ​តែ​ដើរ​ទន្ទឹម​គ្នា ជាក់​ស្តែង​នៅ​ក្នុង​ការ​ថត​ភាពយន្ត​នេះ បើ​ទោះ​ជា​ថត​រឿង​អ្វី​ក៏​ដោយ ចាំ​បាច់​ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​សុខ​សប្បាយ​ដែរ។ វិល​មក​ក្នុង​រឿង “វិញ្ញាណ​លោក​ម្ចាស់​គ្រញូង” ក៏​ដូច​គ្នា អ្នក​ស្រី ពាន់ ភួង​បុប្ផា ប្រាប់​ថា ក្រៅ​ពី​ក្រុង​ពាលី​ចាប់​ផ្តើម​ថត​ពី​ដំបូង សូម្បី​តែ​ឈុត​មួយ​នៅ​វត្ត​ជន្លង់​ម្លូ​កណ្តាល​ព្រៃ ក៏​អ្នក​ស្រី​អញ្ជើញ​គ្រូ​អាចារ្យ​មក​ធ្វើ​ពិធី​សុំ​សេចក្តី​សុខ​ដល់​ក្រុម​ការងារ​ដែរ មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ។ អត្ថបទ៖ អ្នក​និពន្ធ៖ ដើរ​សួរ​អ្នក​ស្រុក​ទើប​ចេញជា​រឿង “វិញ្ញាណ​លោក​ម្ចាស់​គ្រញូង” “វិញ្ញាណ​លោក​ម្ចាស់​គ្រញូង” ជា​ភាពយន្ត​ដំបូង​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទុក្ខ​ខ្លោច​ផ្សា​របស់​ឈើ​គ្រញូង​ដែល​រង​ការ​កាប់​បំផ្លាញ ក្នុង​ន័យ​នេះ​អ្នក​ស្រី ពាន់ ភួង​បុប្ផា ចង់​បំផុស​ស្មារតី​ប្រជាជន​ខ្មែរ​ឲ្យ​ចេះ​ស្រឡាញ់​ព្រៃ​ឈើ​ខ្មែរ ថែ​រក្សា​ពួក​គេ​ដូច​ថែ​រក្សា​សាច់​ញាតិ ជា​មួយ​សារ​អប់រំ​ថា “បើ​អ្នក​រក្សា​ព្រៃ​ឈើ នោះ​ព្រៃ​ឈើ​នឹង​រក្សា​អ្នក​វិញ”។ ភាពយន្ត​ដ៏​ពិសេស​នេះ នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​បាន​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី ២៧ ធ្នូ ឆ្នាំ​២០១៣ នេះ​តទៅ​នៅ​រោង​ភាពយន្ត​លុច្ស​រាជធានី​ភ្នំពេញ និង​រោង​ភាពយន្ត​បារាយណ៍​អណ្ដែត​ខេត្ត​សៀមរាប៕ ប្រភពពី http://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,